ថៃដកខ្លួនពី MoU 2001៖ វិបត្តិស្មារតីសហប្រតិបត្តិការ?

ចែករំលែក៖

ក្នុងបរិបទនយោបាយអន្តរជាតិដែលកាន់តែស្មុគស្មាញ ការគ្រោងដកខ្លួនរបស់ថៃចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) ជាមួយកម្ពុជា មិនមែនជាការផ្លាស់ប្តូរបច្ចេកទេសធម្មតាទេ ប៉ុន្តែជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពក្នុងតំបន់សមុទ្រ។

កម្ពុជាបានឆ្លើយតបដោយភាពទន់ភ្លន់ ប៉ុន្តែច្បាស់លាស់ ដោយបញ្ជាក់ថា ប្រសិនបើការដកខ្លួននេះកើតឡើងពិតប្រាកដ វាជាការវិវឌ្ឍដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំង ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់កិច្ចព្រមព្រៀងមួយប៉ុណ្ណោះទេ ប៉ុន្តែអាចបំផ្លាញដល់មូលដ្ឋានសំខាន់នៃ “ទំនុកចិត្តយុទ្ធសាស្ត្រ” និង “ស្មារតីសហប្រតិបត្តិការ” ដែលបានកសាងឡើងអស់រយៈពេលជាយូរមកហើយ។

MoU ឆ្នាំ២០០១ ត្រូវបានបង្កើតឡើងក្នុងបរិបទដែលភាគីទាំងពីរមានភាពខុសគ្នាអំពីការទាមទារព្រំដែនសមុទ្រ ប៉ុន្តែបានជ្រើសរើសយកវិធីសាស្ត្រសន្តិវិធីមួយ គឺ “ការគ្រប់គ្រងជម្លោះតាមរយៈសហប្រតិបត្តិការ”។ កិច្ចព្រមព្រៀងនេះបានបង្កើតក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍរួមនៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area – OCA) ខណៈដែលការកំណត់ព្រំដែនចុងក្រោយ ត្រូវបានទុកឲ្យដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។ នេះបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យវែងឆ្ងាយរបស់ភាគីទាំងពីរ ក្នុងការដាក់បញ្ហាអធិបតេយ្យភាពមួយឡែកសិន ដើម្បីបើកផ្លូវឲ្យផលប្រយោជន៍សេដ្ឋកិច្ចរួម និងស្ថិរភាពតំបន់។

យ៉ាងណាក៏ដោយ ការគ្រោងដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃ បង្ហាញពីការផ្លាស់ប្តូរទិសដៅនយោបាយយ៉ាងច្បាស់ ពីស្មារតីសហប្រតិបត្តិការទៅរកវិធីសាស្ត្រដែលផ្អែកលើការសម្រេចចិត្តជាឯកតោភាគី។ ការផ្លាស់ប្តូរនេះមិនមែនគ្រាន់តែជាការកែសម្រួលយន្តការច្បាប់ទេ ប៉ុន្តែជាសញ្ញាដែលអាចបង្កឲ្យមានភាពមិនប្រាកដប្រជាថ្មីៗទៀត ទាំងផ្នែកច្បាប់ សន្តិសុខ និងការគ្រប់គ្រងធនធានក្នុងតំបន់សមុទ្រដែលមានសារៈសំខាន់យ៉ាងខ្លាំង។

ចំពោះកម្ពុជា បើទោះបីជាមិនទាន់បញ្ជាក់នូវជំហរឆ្លើយតបផ្លូវការទៅភាគីថៃវិញយ៉ាងណាក្តី ប៉ុន្តែ ត្រូវបានគេមើលឃើញថា សកម្មភាពរបស់ថៃ គឺជាការងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលនេះគឺជាការបញ្ជាក់ឈរលើគោលការណ៍អន្តរជាតិ មិនមែនជាការនិយាយដោយប្រើអារម្មណ៍នយោបាយទេ។ MoU ត្រូវបានបង្កើតឡើងលើមូលដ្ឋាននៃសុច្ឆន្ទៈ និងទំនុកចិត្ត ដូច្នេះការដកខ្លួនដោយឯកតោភាគីអាចបង្កឲ្យមានការសង្ស័យលើភាពជាដៃគូយុទ្ធសាស្ត្រ និងប៉ះពាល់ដល់ដំណើរការសំខាន់ៗ ដូចជាការកំណត់ព្រំដែន និងការចែករំលែកធនធាននាពេលអនាគត។

ទោះជាយ៉ាងណា អ្វីដែលគួរឱ្យកត់សម្គាល់គឺ ជំហររបស់កម្ពុជានៅតែមិនប្រែប្រួល។ កម្ពុជាបន្តគោរពខ្លឹមសារនិងស្មារតីនៃ MoU ឆ្នាំ២០០១ ដោយផ្អែកលើច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាគោល។ វាជាការបង្ហាញពីភាពអត់ធ្មត់ និងភាពទទួលខុសត្រូវ ដែលបង្កើនភាពជឿជាក់របស់សហគមន៍អន្តរជាតិ ចំពោះតួនាទីរបស់កម្ពុជា ជាភាគីដែលគោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ។

ក្នុងទស្សនៈទូទៅ បញ្ហានេះមិនមែនជាការប្រឈមទ្វេភាគីធម្មតាទេ ប៉ុន្តែជាការសាកល្បងសម្រាប់គោលការណ៍សហប្រតិបត្តិការតំបន់ ដែលប្រទេសជាច្រើនប្រើប្រាស់ក្នុងការគ្រប់គ្រងជម្លោះដោយសន្តិវិធី។ ប្រសិនបើក្របខ័ណ្ឌដូចជា MoU 2001 ត្រូវបានបោះបង់ វាអាចបង្កើតគំរូអវិជ្ជមាន ដែលប៉ះពាល់ដល់យន្តការដោះស្រាយជម្លោះក្នុងតំបន់ទាំងមូល។

នៅក្នុងបរិបទបច្ចុប្បន្ន ការសម្រេចចិត្តណាមួយដែលប៉ះពាល់ដល់ស្មារតីសហប្រតិបត្តិការ នឹងមិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរលើស្ថិរភាពតំបន់ទាំងមូល។ MoU 2001 មិនមែនជាឯកសារបច្ចេកទេសធម្មតាទេ ប៉ុន្តែជានិមិត្តរូបនៃទំនុកចិត្ត និងឆន្ទៈរួមក្នុងការគ្រប់គ្រងជម្លោះដោយសន្តិវិធី។

ការដកខ្លួនដោយឯកតោភាគី គួរត្រូវបានពិចារណាឡើងវិញយ៉ាងម៉ត់ចត់ ដោយគិតគូរពីផលប៉ះពាល់រយៈពេលវែងលើទំនាក់ទំនងភាពជាដៃគូ និងភាពជឿជាក់អន្តរជាតិ។ កម្ពុជានៅតែបន្តអះអាងយ៉ាងច្បាស់ថា ការគោរពកិច្ចព្រមព្រៀង ការប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះតាមផ្លូវសន្តិវិធី គឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងការអភិវឌ្ឍរួម។

ដូច្នេះ ភាគីថៃគួរតែពិចារណាឡើងវិញលើតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូយុទ្ធសាស្ត្រដែលអាចទុកចិត្តបាន ដោយវិលត្រឡប់ទៅរកវិធីសាស្ត្រចរចា និងសហប្រតិបត្តិការដែលមានស្រាប់។ ព្រោះនៅចុងបញ្ចប់ សន្តិភាព និងផលប្រយោជន៍រួម មិនអាចកើតឡើងពីសកម្មភាពឯកតោភាគីទេ ប៉ុន្តែត្រូវតែកើតចេញពីការយល់ព្រម ការគោរព និងទំនុកចិត្តគ្នាទៅវិញទៅមក៕

...

ដោយ៖ពិន វិជ័យ-អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print