ភ្នំពេញ ៖ ទីក្រុងតូក្យូ ប្រទេសជប៉ុននឹងផ្ទេរបទពិសោធន៍បច្ចេកវិទ្យាទំនើបថ្មីៗ ដល់ទីក្រុងភ្នំពេញបន្ថែមទៀត ខណៈដែលទីក្រុងទាំងពីរជាសម្ព័ន្ធមិត្ដនឹងគ្នាយូរអង្វែង។
លោកស្រីដោ សម្ឆស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលលោកស្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូថា នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ លោកអភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះលោកស្រីអភិបាលក្រុងតូក្យូ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-NETS និងបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។
លោកអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនលោកស្រីអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេងប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។
លោកអភិបាលក៏បានជម្រាបជូនបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សម្តៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង។
កិច្ចការស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារJICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥតសំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាកិច្ចឆ្លើយតប លោកស្រីអភិបាលក្រុងតូក្យូបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនលោកអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣របស់ G-NETS ជាពិសេសក្នុងជំនួបពិភាក្សាការងារក្នុងពេលនេះ។ លោកស្រីអភិបាលក្រុងតូក្យូក៏បានជម្រាបជូនលោកអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២មក គឺដើម្បីជំរុញចំណងការទូតរវាងទីក្រុងនឹងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់និងបរិយាប័ន្ន ហើយលោកស្រីសង្ឃឹមថា រដ្ឋបាលរាជធានីភ្នំពេញអាចចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទាក់ទងនឹងការដោះស្រាយគ្រោះ មហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ។ ជាទីបញ្ចប់លោកស្រីបានជូនពរឱ្យការស្នាក់នៅនិងបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទទួលបានជោគជ័យ៕













