សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ បានព្រមានថា ភាពរឹងទទឹងរបស់ហេសបូឡា នឹងនាំមកនូវផលវិបាកយ៉ាងអន្តរាយសម្រាប់លីបង់ បន្ទាប់ពីមេដឹកនាំក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបន្តមិនទទួលយកកិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឯកអគ្គរដ្ឋទូតលីបង់និងអ៉ីស្រាអែលប្រចាំសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំ២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបពិភាក្សាផ្ទាល់លើកដំបូង គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជំនួបលើកទីមួយ បាននាំឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនិងហេសបូឡា ដែលបានចាប់ផ្តើមកាលពីដើមខែមុន ខណៈទីក្រុងបេរូតឥឡូវកំពុងត្រៀមខ្លួន សម្រាប់កិច្ចចរចាផ្ទាល់ ក្រោមគោលដៅឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល។ ជាផ្លូវការប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពមានសង្រ្គាមនឹងគ្នា ចាប់តាំងតែពីឆ្នាំ១៩៤៨។
លោក Katz បាននិយាយថា មេដឹកនាំហេសបូឡា លោក Naim Qassem កំពុងតែប្រឡែងលេងជាមួយភ្លើង ហើយភ្លើងមុខជានឹងឆាបឆេះហេសបូឡា រួមជាមួយប្រទេសលីបង់ទាំងមូល។ លោក Katz បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលលីបង់ ចាំបាច់ត្រូវតែរំសាយអាវុធរបស់ហេសបូឡា ដោយចាប់ផ្តើមពីនៅភាគខាងត្បូងលីបង់ ព្រោះអ៉ីស្រាអែលមិនអាចទទួលយកដាច់ខាតនូវស្ថានការណ៍មួយ ដែលមានបទឈប់បាញ់នៅលីបង់ ទន្ទឹមគ្នាជាមួយ សកម្មភាពបន្តវាយប្រហារមកលើកងកម្លាំងអ៉ីស្រាអែល និងសហគមន៍នៅភាគខាងជើងអ៉ីស្រាអែល។
ការព្រមានរបស់លោក Katz ធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោក Qassem បានប្រកាសថា កិច្ចចរចាផ្ទាល់របស់រដ្ឋាភិបាលលីបង់ ជាមួយអ៉ីស្រាអែល ស្មើនឹងការសាងបាបកម្មដ៏ធ្ងន់ធ្ងរមួយ។ ក្រុមហេសបូឡា បានទាញលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមសាជាថ្មីកាលពីថ្ងៃទី២ ខែមីនា ក្រោយពួកគេបាញ់រ៉ុក្កែតដាក់អ៉ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដែលបង្កឱ្យផ្ទុះសង្រ្គាមឆាបឆេះនៅមជ្ឈិមបូព៌ា៕
រូបថត: AFP










