ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទស្ដីពី ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ»។

 

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះឡើង គឺដើម្បីក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់លើការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ក្នុងទិសដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខុមាលភាពពេញលេញសម្រាប់កម្មករនិយោជិត។ លោកស្រីបានបន្ថែមថា កម្មវិធី ដែលមានការសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ (HPA) និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដោយទទួលបានការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុបនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលក្នុងឆ្នាំ២០២៦នេះ គឺផ្ដោតសំខាន់លើការធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសាស្ត្រសង្គម។

 

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) គឺជាការងារស្នូលដែលក្រសួងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដូចមានចែងក្នុងច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧។ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែម ក្រសួងបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស «ផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ» ដែលជាមគ្គទេសក៍សម្រាប់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងរោងចក្រ ក្នុងការជំរុញការបណ្ដុះបណ្ដាល និងបង្ការគ្រោះថ្នាក់ការងារ ក៏ដូចជាជំងឺវិជ្ជាជីវៈផ្សេងៗ។

 

លើសពីនេះ លោកស្រីបានរំលេចថា ដើម្បីសម្រេចបាននូវ «ការងារសមរម្យ» ធាតុផ្សំសំខាន់ៗដែលមិនអាចខ្វះបាន រួមមាន៖ ការគិតគូរពីលក្ខខណ្ឌការងារទូទៅ សុវត្ថិភាព សុខភាពការងារ និងប្រព័ន្ធសន្តិសុខសង្គម។ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់សេវាគ្របដណ្ដប់លើផ្នែកសំខាន់ៗចំនួន ៣ រួមមាន៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់អធិការកិច្ចការងារ និងយន្តការអធិការកិច្ចអន្តរក្រសួង ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់ និងឆ្លើយតបទៅនឹងការវិវត្តនៃពិភពការងារទំនើប។

...

 

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច៖ (១) លើកទឹកចិត្តឱ្យកម្មករនិយោជិត សហជីព និងភាគីពាក់ព័ន្ធ បន្តសហការ និងគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ, (២) បន្តអនុវត្តវប្បធម៌សន្ទនានៅកន្លែងការងារ ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សិទ្ធិ និង (៣) ស្នើឱ្យកម្មករនិយោជិត សមាគមនិយោជក និងអង្គការសង្គមស៊ីវិល យល់ច្បាស់ពីតួនាទីរបស់ខ្លួន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print