អ្នកចាំទី Esteban Andrada របស់ក្រុម Real Zaragoza ត្រូវបានពិន័យមិនឲ្យប្រកួតចំនួន 13 ប្រកួត បន្ទាប់ពីគាត់បានដាល់កីឡាករ Huesca ចំមុខ។
Andrada ត្រូវបានគេបណ្តេញចេញរួចហើយសម្រាប់ការវាយលើកីឡាករម្នាក់ដែលជាកំហុសលើកទីពីរនៅពេលបញ្ចប់ការប្រកួត Derby ដ៏ក្តៅគគុកកាលពីថ្ងៃអាទិត្យក្នុងក្របខណ្ឌទីពីររបស់អេស្ប៉ាញ។
បន្ទាប់មកកីឡាករអាហ្សង់ទីននេះបានរត់ឆ្ពោះទៅកាន់ប្រធានក្រុម Huesca កីឡាករ Jorge Pulido ហើយបានដាល់គាត់ចំមុខតែម្តង។
ហិង្សានោះនាំឱ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលបណ្តាលឱ្យអ្នកចាំទី Dani Jimenez របស់ក្រុម Huesca និង Dani Tasende របស់ Zaragoza ក៏ត្រូវបានបណ្តេញចេញផងដែរ។
សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានដាក់បម្រាមចំនួន 12 ប្រកួតសម្រាប់កីឡាករ Andrada សម្រាប់ការវាយដោយហិង្សានិងបម្រាមមួយប្រកួតដោយស្វ័យប្រវត្តិសម្រាប់កាតក្រហម។
របាយការណ៍របស់ RFEFក៏បានបញ្ជាក់ផងដែរថា ទាំង Andrada និង Zaragoza នឹងត្រូវរងការពិន័យផ្នែកហិរញ្ញវត្ថុបន្ថែម។
Andrada អាយុ 35 ឆ្នាំបាននិយាយកាលពីថ្ងៃអាទិត្យថា “ការពិតគឺខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ចំពោះអ្វីដែលបានកើតឡើង ។ វាមិនមែនជារូបភាពដ៏ល្អសម្រាប់ក្លឹបសម្រាប់អ្នកគាំទ្រ និងជាពិសេសមិនមែនសម្រាប់អាជីពដូចខ្លួនខ្ញុំនោះទេ ដូច្នេះខ្ញុំពិតជាសោកស្ដាយជាខ្លាំង។ ពេញមួយអាជីពរបស់ខ្ញុំ ខ្ញុំមានតែកាតក្រហមមួយប៉ុណ្ណោះ ហើយនោះគឺសម្រាប់បាល់ដោយដៃនៅខាងក្រៅតំបន់ពិន័យ។ ខ្ញុំក៏ចង់សុំទោសកីឡាករ Jorge Pulido ផងដែរ ពីព្រោះយើងជាមិត្តរួមការងារ ហើយនិយាយដោយស្មោះត្រង់ វាជាកំហុសរបស់ខ្ញុំ។ ខ្ញុំបានបាត់បង់ការផ្តោតអារម្មណ៍នៅពេលនោះ ហើយខ្ញុំនៅទីនេះសម្រាប់ផលវិបាកអ្វីក៏ដោយដែលលីគអាចផ្តល់ឱ្យខ្ញុំ” ។
Zaragoza ដែលនៅតែស្ថិតក្នុងតំបន់កាត់ចោលជាមួយ Huesca បន្ទាប់ពីការចាញ់ 1-0 បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយនិយាយថាខ្លួន ថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយនឹង ចាត់វិធានការវិន័យសមស្រប៕










