សង្រ្គាមបង្កឡើងដោយ អាមេរិក-អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ អាចរុញច្រានមនុស្ស៣០លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រ

ចែករំលែក៖

សារព័ត៌មាន AFP ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDP កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថា សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលបានបង្កឱ្យតម្លៃថាមពលនិងជីកសិកម្មហក់ឡើងខ្ពស់ជាសកលនោះ អាចរុញច្រានមនុស្សច្រើនជាង៣០លាននាក់ ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

ថ្លែងនៅទីក្រុងប៉ារីស អំឡុងកិច្ចប្រជុំក្រុមប្រទេស G7 ស្តីពីការអភិវឌ្ឍ ប្រធាន UNDP លោក Alexander De Croo បាននិយាយថា ការអភិវឌ្ឍនាពេលនេះកំពុងដើរត្រឡប់ថយក្រោយ។ លោកបានបន្ថែមថា ដើម្បីកសាងសង្គមមានស្ថិរភាព និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិនីមួយៗ គឺត្រូវចំណាយពេលរាប់ទសវត្សរ៍ ប៉ុន្តែសង្រ្គាមត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ អាចបំផ្លាញសមិទ្ធផលទាំងនេះឱ្យរលាយទៅវិញបាន។
បើតាមលោក De Croo UNDP បានធ្វើការសិក្សាមួយ ក្រោយសង្រ្គាមប្រព្រឹត្តទៅ៦សប្តាហ៍ ហើយវាយតម្លៃឃើញថា បើទោះបីជាសង្រ្គាមចប់ទាំងស្រុងត្រឹមពេលនោះក៏ដោយ មនុស្សប្រមាណ៣២លាននាក់ នឹងត្រូវបានរុញច្រានឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ នៅ១៦០ប្រទេស។ UNDP បាននិយាយថា សង្រ្គាមនៅមជ្ឈិមបូព៌ា ជះផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
សង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ ដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ បាននាំឱ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក។ ទន្ទឹមគ្នា ក្រុមប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ក៏មានសារសំខាន់ផងដែរ សម្រាប់ផលិតផលប្រេងជាច្រើន រួមទាំងវត្ថុធាតុដើមដើម្បីផលិតជីកសិកម្ម។ មួយវិញទៀត វិបត្តិនេះគឺកើតមានចំពេលដែលជំនួយអភិវឌ្ឍន៍ កំពុងស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្រ្ត ក្រោយបានធ្លាក់ចុះជាង ២៣ភាគរយកាលពីឆ្នាំមុន ជាចម្បងដោយសារតែការកាត់បន្ថយជំនួយពីម្ចាស់ជំនួយធំៗ ដឹកនាំដោយសហរដ្ឋអាមេរិក៕

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print