ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះ ធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរ ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជកក្រោមឈ្មោះសហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»។
ក្នុងសារលិខិតអបអរសាទរទិវាពលកម្មអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការជ្រើសរើសប្រធានបទនេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និង ចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។
សម្រាប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ បានក្លាយទៅជាប្រពៃណីទៅហើយ។ ពិធីនេះ ត្រូវបានធ្វើឡើងតាំងពីពេលសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីកម្ពុជាមកម្ល៉េះ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកថ្ងៃទី១ ខែឧសភា ចុះមកជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅកំពង់ផែស្វយ័តព្រះសីហនុ ដែលស្តែងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលប្រតិបត្តិករដ៏សំខាន់ក្នុងការផ្តល់សេវានានានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកនៃការធ្វើពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា។ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាប្រតិបត្តិករដ៏សំខាន់លើការងារកំពង់ផែនេះ។ សម្តេចតេជោ ហ៊ុន សែន ពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតលើសកម្មភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រោះជាដង្ហើមសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។
ប្រពៃណីនៃការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និងនិយោជិតនៅកំពង់ផែស្វយ័តព្រះសីហនុ ក៏បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ សម្តេចមហាបវរធិបតី ចាប់តាំងពីឆ្នាំ២០២៤មក គឺតែងតែអញ្ជើញចុះមកសំណេះសំណាល។ ឆ្នាំ២០២៦នេះ ជាលើកទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កម្មវិធីនាព្រឹកថ្ងៃនេះ ក្រៅពីសំណេះសំណាលហើយ ក៏បានភ្ជាប់ជាមួយពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ហើយធ្វើប្រតិបត្តិការអាជីវកម្មនៅឆ្នាំ១៩៦០ តែត្រូវបានផ្អាកសកម្មភាពនៅអំឡុងសង្គ្រាមផ្ទៃក្នុងចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ ប្រតិបត្តិការអាជីវកម្មត្រូវបានបន្តដំណើការឡើងវិញក្រោយឆ្នាំ១៩៧៩ ដោយប្រតិបត្តិការអាជីវកម្មនៅពេលនោះផ្តើមចេញពីទ្រង់ទ្រាយតូច តាមរយៈការប្រើប្រាស់កម្លាំងកម្មករ សម្ភារបរិក្ខារ ធនធានមនុស្សផ្ទាល់ និងមធ្យោបាយគ្រឿងចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញ កុងតឺន័រ និងបម្រើឱ្យការដឹកជញ្ជូនរបស់ខ្លួន។
ក្រោយមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន អភិវឌ្ឍសមត្ថភាព តាមរយៈការប្រែក្លាយមធ្យោបាយដឹកជញ្ជូនពីទំនិញវេចខ្ចប់ ទៅជាទំនិញកុងតឺន័រ និងបានសាងសង់ចំណតផែផ្ទុកកុងតឺន័របន្ថែមនៅក្នុងឆ្នាំ២០០២ និងការសាងសង់ពង្រីក ចំណតផែថ្មីៗជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបប្រមាណ ១,៦០០នាក់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់របស់កម្ពុជា ហើយបរិមាណចេញចូលនាវា និងកុងតឺន័របានកើនជាង៣០ដងគិតចាប់ពីឆ្នាំ១៩៩៦។
នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១.៣៤លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបជាង ១៥៥,៣៦លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមានរហូតដល់ ២៦,១២លានតោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន
១២,៣២លានតោន កើនឡើង ២៥,៧៨%។
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុងពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ។ ការណ៍នេះ ពិតជាបានបង្ហាញឱ្យឃើញថា ក្រោយពីការបង្កើនសមត្ថភាពផែនៅក្នុងឆ្នាំ២០២៤ ឱ្យឡើងដល់ ១លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនលើសពី ១លានTEUs ក្នុងមួយឆ្នាំ និងនៅក្នុងឆ្នាំ២០២៥ នៅពេលសមត្ថភាពផែបានបង្កើនឡើងដល់ ១,៣លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនដល់ជាង ១,៣៤លាន TEUs។
តាមរយៈកំណើននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនសរុបតាមផ្លូវសមុទ្រដោយហេតុថា ចំណែកភាគច្រើននៃការដឹកជញ្ជូន ឬពាណិជ្ជកម្មអន្ដរជាតិជាង ៨០% ត្រូវបានដឹកជញ្ជូនតាមសមុទ្រដែលជាមធ្យោបាយដឹកជញ្ជូនមានតម្លៃថោកជាងគេបើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។
បន្ថែមពីនេះ ដើម្បីរួមចំណែកគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ការអភិវឌ្ឍទាំង៣ជំហាន បានប្រព្រឹត្តតាមដំណាក់កាលដូចខាងក្រោម៖
១៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។
២៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផដល់២ ០២០ ០០០ TEUs/ឆ្នាំ។
៣៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។
គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផៃដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ។
ទន្ទឹមគ្នានេះ កំពង់ផែក៏បានសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរនាវា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនកំពង់ផែនៅដើមឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៧ ដែលអាចគ្រប់គ្រងនាវាធ្វើនាវាចរ ក្នុងរង្វង់ ៦០ Miles ឬ ប្រមាណ ៩៧ គ.ម ព្រមទាំងសម្រួលចរាចរនាវា ធានាសុវត្ថិភាព និងជួយសង្គ្រោះនាវាដែលជួបឧបទ្ទវហេតុផ្សេងៗ៕
ដោយ៖តារា










