សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និង សូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាព សារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុង ការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍ សង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវ បង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។

 

ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានទូទាំង ពិភពលោក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ចដ៏សំខាន់ប្រកបដោយវិជ្ជាជីវៈ និងការទទួល ខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សម្តេចក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិត និងចូលរួមសោកស្តាយចំពោះអ្នកសារព័ត៌មានដែលបានទទួលរងរបួស នៅអំឡុងពេល ចុះបំពេញភារកិច្ចរបស់ខ្លួននៅលើពិភពលោក។

 

នាយករដ្ឋមន្ត្រីបន្តថា ៖ ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជា សិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print