នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យបង្កហិង្សាលើម្ដាយ និងកូនតូចបានហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានចាត់ វិធានការយ៉ាងឆាប់រហ័ស ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា ខរីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ ព័ន្ធនឹងករណីប្រើអំពើហិង្សាលើស្ត្រីម្នាក់ និងកូនតូច ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦។

 

នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីហិង្សាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩៖៣០នាទីយប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឱ្យស្ត្រីម្នាក់ និងកូនតូចរងរបួស ព្រមទាំងស្ថិតក្នុងស្ថានភាពភ័យខ្លាច បន្ទាប់ពីត្រូវជនសង្ស័យដេញវាយតាមដងផ្លូវ ចាប់ពីចំណុចមុខផ្ទះពេទ្យរស់ ក្បែរផ្សារកាច់ជ្រុង រហូតដល់ក្បែររបងវិទ្យាល័យតាខ្មៅ។

 

លោក វេង គឹមហួរ ជាប្តីស្ត្រីរងគ្រោះឈ្មោះ កុយ រាសី បានប្រាប់នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា មុនពេលកើតហេតុ ភរិយារបស់លោកបាននាំកូនតូចទៅ លេងផ្ទះអ្នកស្គាល់គ្នា នៅម្ដុំផ្សារកាច់ជ្រុង។ នៅទីនោះ ម្ចាស់ផ្ទះបានហៅជនសង្ស័យមកផឹកស៊ីជុំគ្នា ប៉ុន្តែក្រោយមកក៏ផ្ទុះទំនាស់ ឈានដល់ការប្រើអំពើហិង្សា។

 

ប្រភពដដែលបន្តថា បន្ទាប់ពីវាយប្រហារទៅលើស្ត្រីរង គ្រោះ និងកូនតូចបណ្ដាលឱ្យរងរបួសហើយ ជន សង្ស័យមិនបានបញ្ឈប់សកម្មភាពត្រឹមនោះទេ ប៉ុន្តែថែមទាំងបន្តដេញតាមវាយតាមផ្លូវសាធារណៈ។ មិនតែប៉ុណ្ណោះ ជនសង្ស័យត្រូវបានអះអាងថា បានប្រើកាំបិតប៉័ងតោព្យាយាមកាប់បំផ្លាញម៉ូតូ និងបង្កការគំរាមកំហែងដល់សុវត្ថិភាពកុមារដែលនៅជាមួយម្ដាយផងដែរ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា ភាគីទាំងពីរជាមនុស្សស្គាល់គ្នា និងធ្លាប់បម្រើការងារនៅរោងចក្រជាមួយគ្នាពីមុន។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងជាផ្លូវការនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

 

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួច ហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print