កម្ពុជា​ នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ បន្ទាប់ពីភាគីថៃ ប្រកាសដកខ្លួនដោយឯកតោភាគី

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោម អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានខ្លឹមសារដូចខាងក្រោ​ម៖

«ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។

ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា រវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃ បានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។

ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគី តែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាន នៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឲ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

ជាការសោកស្តាយ ដែលភាគីថៃ បានសម្រេចដកខ្លួនជាឯកតោភាគីចេញ ពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាព ទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។

ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

...

ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print