ខេត្តព្រៃវែង ៖ ស្ត្រីចំណាស់អាយុ៧១ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែត្រូវផ្ទះបាញ់ក្នុងពេលដែលគាត់កំពុងដើរដឹកគោពីវាលស្រែត្រឡប់នៅផ្ទះវិញ។ ចំណែកមេគោផើម១ក្បាលទៀត ក៏ត្រូវរន្ទះបាញ់ បណ្ដាលឲ្យងាប់ក្នុងពេលបន្ទាប់គ្នានោះផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះសំរឹទ្ធ សាម៉ុន អាយុ៧១ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានថា នៅវេលាម៉ោង១២ថ្ងៃត្រង់ មេឃបានធ្លាក់ភ្លៀង លាយឡំនិងខ្យល់យ៉ាងខ្លាំង ដោយបារម្ភគោរបស់ខ្លួនដែលចងឲ្យស៊ីស្មៅនៅវាលស្រែខាងក្រោយផ្ទះ ស្ត្រីរងគ្រោះបានដើរទៅដឹកគោមកផ្ទះទាំងភ្លៀង ហើយពេលមកជិតដល់ផ្ទះក៏ត្រូវរន្ទះបាញ់ចំ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយពីររន្ទះបាញ់ត្រូវស្ត្រីរងគ្រោះ បណ្ដាលឱ្យស្លាប់បាន១ម៉ោងក្រោយមក នៅឃុំក្រាំងស្វាយស្រុកព្រះស្ដេច មេគោផើមដែលម្ចាស់ចងឱ្យស៊ីស្មៅនៅវាលស្រែ ក៏ត្រូវរន្ទះបាញ់ បណ្ដាលឲ្យងាប់ភ្លាមៗផងដែរ។
អាជ្ញាធរ និងសមត្ថកិច្ច បានអំពាវនាវឲ្យប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលមានភ្លៀងធ្លាក់ត្រូវនាំសត្វចិញ្ចឹមនិងកូនចៅ ចូលរកកន្លែងមានសុវត្ថភាព ការពារកុំឲ្យមានគ្រោះថ្នាក់ដោយសារតែកត្តាធម្មជាតិបែបនេះ ៕
ដោយ៖ សុរិយា










