ភ្នំពេញ៖ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យហៅឲ្យឌុបលុះដល់កន្លែងស្ងាត់ ជនសង្ស័យធ្វើសកម្មភាពប្លន់ ដោយចាក់មួយកាំបិត តែមិនបានសម្រេចរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញព័ទ្ធចាប់បានភ្លាមៗកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ហែម មិ អាយុ៣២ឆ្នាំ ជាកសិករ ស្នាក់នៅមិនពិតប្រាកដ ទើបឡើងមកពីស្រុកបាន៤ថ្ងៃដែលស្ថិតនៅភូមិព្រៃធំ ឃុំទូកមាសលិច ស្រុកបន្ទាយមាស ខេត្តកំពត។
បុរសវ័យចំណាស់ជាជនរងគ្រោះមានឈ្មោះ អាន មិន អាយុ៤៦ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៥១ ផ្លូវលំ ភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិជីរោទិ៍២ ឃុំតាត្រាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ 1AY-1007 ។
តាមប្រភពពីបុរសរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូឌុបគាត់ឲ្យឌុបចេញពីម្ដុំវត្តសុភាឃួន ភូមិសំរោងទាវក្នុងតំលៃ ប្រាំបីពាន់រៀល (៨០០០រៀល) ខណៈមកដល់ចំណុចភូមិសំរោងទាវតាមមាត់ប្រឡាយ ជនសង្ស័យបានប្រាប់ឲ្យគាត់ឈប់ ស្រាប់តែជនសង្ស័យបានដកកូនកាំបិតចាក់សំដៅជនរងគ្រោះចំក្រោមក្លៀកធ្វេងតែសំណាងល្អពេលធ្វើសកម្មភាពជនសង្ស័យរអិលជើងដួលជាមួយជនរងគ្រោះនិងម៉ូតូ ភ្លាមនោះជនរងគ្រោះស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ទើបជនសង្ស័យបានព្យាយាមរត់មកដល់ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ត្រូវបានលោក ញាណ នន មេប៉ុស្តិ៍ឃ្មួញស្ទាក់ចាប់បានភ្លាមៗនាំយកមកផ្នែកជំនាញអធិការខណ្ឌសែនសុខសាកសួរបន្តនីតិវិធី។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងទទួលយកម៉ូតូត្រលប់ទៅវិញ៕
ដោយ៖ តុង សីហា