ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបច្ចុប្បន្នភាពថ្មីពីរាជរដ្ឋាភិបាលដូចតទៅ៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
ទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលក្នុងដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ បន្ថែមពីលើនេះ សម្តេចតេជោបានបញ្ជាក់ថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ ពោលគឺធ្វើដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើង។
សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នឹងដែលបានធ្វើកិច្ចការនេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 បានសម្តែងការសោកស្តាយចំពោះការលុបចោល MOU នេះជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផលថា គ្មានវឌ្ឍនភាព។ សម្តេចតេជោបានចោទជាសំណួរថា តើគ្មានវឌ្ឍនភាពដោយសារអ្វី? រឿងនេះមានតែភាគីថៃខ្លួនឯងទេដឹងច្បាស់ជាងនរណាទាំងអស់ ពីព្រោះថា តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦?
សម្តេចតេជោបន្តថា កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នា ថៃផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ? នេះគឺជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន មុននឹងបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញជំហរបន្តការចរចា។ សូម្បីរដ្ឋាភិបាលនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូនឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយសម្តេចនៅផ្ទះតាខ្មៅដែរ កាលពីឆ្នាំ២០១០។
សម្តេចតេជោសង្កត់ធ្ងន់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះសូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថា ធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោ សង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។ ចំណែកស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែរ។
ទី៣៖ ប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជា គឺឧត្តមនាវីត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក លោកនឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅលើភាគីណាឡើយ ជាពិសេសលោកនឹងបង្កើនថែមទៀតនូវការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។ ការអះអាងបែបនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួលធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព ប្រកបដោយបរិយាកាសល្អប្រសើរ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ AOT ក្នុងកិច្ចការងារនាពេលកន្លងមក។ ក្នុងនាមកម្ពុជាជារដ្ឋគ្រួសារអាស៊ាន ឯកឧត្តមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានបង្ហាញពីការសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមនាយឧត្តមសេនីយ បានបញ្ជាក់ជាថ្មីពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនកែប្រែដោយកម្លាំងប្រដាប់អាវុធ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ជាមួយនឹងការជឿជាក់ថា ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រថ្មីមួយក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។
ទី៤៖ ភ្លាមៗក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ឬហៅថា MOU-2001 លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាជ្រាបអំពីបញ្ហានេះ។ បទបង្ហាញនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីស្តីទីក៏បានធ្វើបច្ចុប្បន្នភាពជូនអង្គទូតអំពីការវិវត្តថ្មីៗនៃបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃផងដែរ៕
ដោយ៖តារា










