ខេត្តកំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោងទង ដោយចាប់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត១គីឡូក្រាម ព្រមទាំងវត្ថុតាងមួយ ចំនួនទៀត។
យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖៧នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿង ញៀន ចំនួន១ករណី ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមថ្លាសង្ស័យ ជាសាធាតុញៀន ចំនួន១៤កញ្ចប់ធំ ម៉ូតូចំនួន០១គ្រឿង ទូរសព្ទ ចំនួន០១គ្រឿង ជញ្ជីថ្លឹង ចំនួន០១គ្រឿង ថង់ច្រកគ្រឿងញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕










