ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) ដោយឈ្មោះ លឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ តាមរយៈការបញ្ជាទិញពីឈ្មោះ ព្រំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ ដែលបាន កម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធ គយនោះឡើយ។ ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប្រឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ។
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងជនសង្ស័យឈ្មោះ លឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន)និងបក្ខពួក ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.គ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាម នីតិវិធីច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា












