អាជ្ញាធរឥណ្ឌូនេស៊ីកំពុងជួយសង្គ្រោះអ្នកឡើងភ្នំចំនួន ២០ នាក់ជាបន្ទាន់ បន្ទាប់ពីភ្នំភ្លើងឌូកូណូនៅលើកោះហាលម៉ាហេរ៉ាបានផ្ទុះឡើង។
យោងតាមសារព័ត៌មានរ៉យទ័រ ភ្នំភ្លើងឌូកូណូ ដែលមានទីតាំងនៅខេត្តម៉ាលូគូខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនៅម៉ោង ៧:៤១ ព្រឹក ថ្ងៃទី ៨ ខែឧសភា (ម៉ោងក្នុងស្រុក) ដោយបានបញ្ចេញផេះភ្នំភ្លើងឡើងដល់កម្ពស់ ១០ គីឡូម៉ែត្រទៅលើមេឃ។
លោកអ៊ីវ៉ាន់ រ៉ាមដានី ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាននិយាយថា មនុស្សរាប់សិបនាក់ រួមទាំងប៉ូលីស ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកឡើងភ្នំចំនួន ២០ នាក់ដែលជាប់គាំងដោយសារការផ្ទុះនេះ។
ក្នុងចំណោមពួកគេមានជនជាតិសិង្ហបុរី ៩ នាក់ នៅសល់ជាជនជាតិឥណ្ឌូនេស៊ី នេះបើយោងតាមលោកអ៊ីវ៉ាន់។ លោកបានប្រាប់ AFP ថា “ក្រុមជួយសង្គ្រោះរបស់យើងកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។ មិនទាន់មានការបញ្ជាក់នៅឡើយទេថាតើមាននរណាម្នាក់រងរបួសឬអត់”។
លោកបានបញ្ជាក់ថា មនុស្សទាំង ២០ នាក់គឺជាអ្នកឡើងភ្នំ ទោះបីជាតំបន់នេះត្រូវបានបិទសម្រាប់ភ្ញៀវទេសចរចាប់តាំងពីថ្ងៃទី ១៧ ខែមេសា បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានកត់ត្រាសកម្មភាពភ្នំភ្លើងកើនឡើងក៏ដោយ។
មគ្គុទ្ទេសក្នុងស្រុក Lexi Djangu បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីភ្នំភ្លើងកំពុងផ្ទុះឡើងនៅពីក្រោយគាត់ ខណៈពេលដែលក្រុមទេសចរណ៍របស់គាត់កំពុងមើល។
លោកបានរៀបរាប់ថា “កាលយើងនៅលើកំពូលភ្នំ ការផ្ទុះមិនទាន់កើតឡើងនៅឡើយទេ ប៉ុន្តែមានការរញ្ជួយដីខ្លាំង ដូច្នេះខ្ញុំបានសម្រេចចិត្តចុះមកជាមួយអ្នកទេសចរ។ មនុស្សបីនាក់មានសុវត្ថិភាពឥឡូវនេះ ប៉ុន្តែនៅតាមផ្លូវចុះមក នៅតែមានអ្នកទេសចរជាច្រើននៅលើកំពូលភ្នំ។ ខ្ញុំសង្ឃឹមថាអ្នកទេសចរក្នុងស្រុកទាំងអស់ដែលនៅតែនៅលើកំពូលភ្នំមានសុវត្ថិភាព”។
ប្រទេសឥណ្ឌូនេស៊ីកំពុងរក្សាកម្រិតប្រកាសអាសន្នខ្ពស់បំផុតទីបីសម្រាប់ភ្នំភ្លើងនេះ។ ពួកគេក៏បានព្រមានអំពីហានិភ័យនៃលំហូរភក់ភ្នំភ្លើងនៅពេលមានភ្លៀងធ្លាក់ផងដែរ។
ចាប់តាំងពីខែធ្នូឆ្នាំមុន មជ្ឈមណ្ឌលកាត់បន្ថយហានិភ័យភ្នំភ្លើង និងភូមិសាស្ត្រឥណ្ឌូនេស៊ីបានណែនាំអ្នកទេសចរ និងអ្នកឡើងភ្នំឱ្យស្នាក់នៅក្នុងចម្ងាយ 4 គីឡូម៉ែត្រពីមាត់ភ្នំភ្លើង៕

រូបថត: AFP










