ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើងកីឡា Nike ត្រូវបានអតិថិជនប្ដឹងកាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ថា ក្រុមហ៊ុនមិនបានសងប្រាក់ត្រឡប់ជូនអតិថិជនវិញ សម្រាប់ថ្លៃពន្ធគយដែលបានបញ្ចូលទៅក្នុងតម្លៃទំនិញ។
នៅក្នុងបណ្តឹង ដែលកំពុងស្នើសុំ អតិថិជនបាននិយាយថា ក្រុមហ៊ុន Nike មិនគួរត្រូវបានអនុញ្ញាតឱ្យរក្សាទុកប្រាក់សងពន្ធដ៏ច្រើន ដែលក្រុមហ៊ុនអាចនឹងទទួលបាន បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងខែកុម្ភៈបានទម្លាក់ពន្ធគយដែលប្រធានាធិបតី Donald Trump បានដាក់នៅក្រោមច្បាប់ស្តីពីសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Beaverton រដ្ឋ Oregon នេះ បាននិយាយថា ខ្លួនបានបង់ពន្ធគយប្រហែល 1 ពាន់លានដុល្លារ សម្រាប់ទំនិញនាំចូល ដោយសារវិធានការរបស់ លោកTrump។
អតិថិជនអះអាងថា Nike បានដំឡើងតម្លៃស្បែកជើងខ្លះចន្លោះពី 5 ទៅ 10 ដុល្លារ និងសម្លៀកបំពាក់ខ្លះចន្លោះពី 2 ទៅ 10 ដុល្លារ ដើម្បីប៉ះប៉ូវថ្លៃពន្ធគយទាំងនោះ។
នៅក្នុងពាក្យបណ្តឹងបានសរសេរថា៖
“Nike មិនបានផ្តល់ការធានាផ្លូវច្បាប់ណាមួយថា នឹងសងប្រាក់បន្ថែមពាក់ព័ន្ធនឹងពន្ធគយទៅអតិថិជនដែលបានបង់ប្រាក់ពិតប្រាកដនោះទេ”។
ពាក្យបណ្តឹងបន្ថែមថា៖ “ប្រសិនបើតុលាការមិនចាត់វិធានការទប់ស្កាត់ទេ Nike អាចនឹងទទួលបានប្រាក់ពន្ធដូចគ្នាពីរដង — ម្តងពីអតិថិជនតាមរយៈការឡើងថ្លៃទំនិញ និងម្តងទៀតពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការសងពន្ធវិញ”។
Nike មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិយោបល់នោះទេ។
Nike ក៏បានចូលរួមជាមួយក្រុមហ៊ុនជាច្រើនទៀតដែលកំពុងប្រឈមនឹងបណ្តឹងស្រដៀងគ្នា រួមមាន Costcoនិងក្រុមហ៊ុនផលិតវ៉ែនតា EssilorLuxotticaដែលជាម្ចាស់ម៉ាក Ray-Ban។
បណ្តឹងប្រឆាំងនឹង Nike ត្រូវបានដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Portland។
ក្នុងកិច្ចប្រជុំតាមទូរស័ព្ទកាលពីថ្ងៃទី 31 ខែមីនា Nike បាននិយាយថា ត្រីមាសសារពើពន្ធដែលបញ្ចប់នៅខែសីហា ឆ្នាំ 2026 អាចនឹងក្លាយជាត្រីមាសចុងក្រោយ ដែលពន្ធគយនៅតែជាបញ្ហាធំមួយប៉ះពាល់ដល់ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន៕










