មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃទី៨ ខែឧសភា ដើម្បីរំលឹកដល់ជ័យជម្នះលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។
នៅក្នុងសារនោះ លោក គីម បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ទីក្រុងព្យុងយ៉ាងចំពោះសន្ធិសញ្ញាការពារជាតិទៅវិញទៅមក និងទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយទីក្រុងមូស្គូ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ ខែឧសភា គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើជំហររបស់ទីក្រុងព្យុងយ៉ាងក្នុងការ «ដាក់អាទិភាពចម្បង» លើភាពជាដៃគូរបស់ខ្លួនជាមួយរុស្ស៊ី ខណៈពេលដែលសន្យាថានឹង «បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាអន្តររដ្ឋាភិបាល»។
រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើ «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» ក្នុងឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងឃ្លាការពារជាតិទៅវិញទៅមករវាងប្រទេសទាំងពីរ។
ទំនាក់ទំនងយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បាននិងកំពុងពង្រឹងកាន់តែខ្លាំងឡើង ចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានរយៈពេលជាងបួនឆ្នាំ។ កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងប្រតិបត្តិការរំដោះតំបន់ Kursk ពីការគ្រប់គ្រងរបស់អ៊ុយក្រែន៕

រូបថត: Tass









