ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលអ្នកភូមិ និងសាច់ញាតិអះអាងថា «ស្រវឹងគ្មានសល់ថ្ងៃ» ដើរទៅដេកលើផ្លូវដែក ហើយត្រូវរថភ្លើងកិនស្លាប់ដាច់ជាច្រើនកំណាត់នៅកណ្ដាលយប់ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល លុះនៅម៉ោងជាង៦ព្រឹកថ្ងៃទី ០៧ ឧសភា ទើបអ្នកភូមិប្រទះឃើញសាកសពរាយរប៉ាត់រប៉ាយតាមផ្លូវដែក ។
តាមរយៈរបាយការណ៍អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា ឈ្មោះលន់ តក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកភូមិអូរញរ ។ សាកសពជនរងគ្រោះ បានដាច់ពាក់កណ្ដាលខ្លួន និងដាច់ផ្នែកខ្លះទៀត នៅរាយប៉ាយតាមដងផ្លូវរថភ្លើង ។ បើតាមការសន្និដ្ឋានរបស់អ្នកភូមិ ហេតុការណ៍នេះ អាចកើតឡើងនៅម៉ោងប្រហែល១១ និង៤០នាទីយប់ថ្ងៃទី០៦ ឧសភា ស្របពេលមានរថភ្លើងមួយខ្សែបើកឆ្លងកាត់ ។
រថភ្លើងនោះ ចេញមកពីខេត្តបន្តាយមានជ័យ ឆ្ពោះទៅទិសដៅខេត្តបាត់ដំបង (ពីជើងទៅត្បូង) ប៉ុន្តែពុំមាននរណាម្នាក់បានដឹងថា រថភ្លើងកិនជនរងគ្រោះទេ លុះព្រឹកឡើងទើបមានអ្នកឃើញ។ អ្នកភូមិនិយាយថា ជាទម្លាប់ជនរងគ្រោះផឹកស្រាស្រវឹងជាប្រចាំ ស្ទើរក្លាយជាមនុស្សបាត់បង់សតិទៅហើយ។ ពេលស្រាវឹងជោកជាំ គាត់តែងដេកលើផ្លូវដែកបែបនេះ ។ ពេលខ្លះគ្មានសម្លៀកបំពាក់ទេ ដូចជាពេលគ្រោះថ្នាក់ គាត់គ្មានស្លៀកខោស អាវទេ ននលគកតែម្ដង។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ មន្ត្រីបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ ។ លោកថា ជនរងគ្រោះត្រូវរថភ្លើងកិនដាច់ដងខ្លួននិងដៃជាច្រើនកំណាត់ តែយើងមិនបានស្គាល់ខ្សែរថភ្លើង ឬអត្តសញ្ញាណអ្នកបើកបរទេ រហូតដល់ពេលនេះ ៕
ដោយ៖ សុរិយា










