នៅព្រឹកថ្ងៃទី១១ ខែឧសភា (ម៉ោងក្នុងស្រុក) អាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា យន្តហោះ Airbus A330 របស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានឆេះកង់ចុះចតខាងស្តាំរបស់វា ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។
លោក Raj Kumar Silwal អ្នកនាំពាក្យការិយាល័យសន្តិសុខអាកាសយានដ្ឋាន បាននិយាយថា អ្នកដំណើរចំនួន ២៧៦នាក់ និងសមាជិកនាវិកចំនួន ១១នាក់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកចេញសង្គ្រោះបន្ទាន់ ខណៈដែលក្រុមពន្លត់អគ្គីភ័យបានគ្រប់គ្រងភ្លើងបានយ៉ាងឆាប់រហ័ស។
ដោយសារតែឧប្បត្តិហេតុដែលបានកើតឡើងនៅលើផ្លូវរត់ ប្រតិបត្តិការហោះឡើង និងចុះចតទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ត្រូវបានរំខានពេញមួយព្រឹក។ លោក Gyanendra Bhul មន្ត្រីព័ត៌មាននៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បាននិយាយថា អាជ្ញាធរកំពុងធ្វើការអូសយន្តហោះទៅកាន់តំបន់ផ្សេងក្នុងអាកាសយានដ្ឋាន ដើម្បីសម្អាតផ្លូវរត់។
ប្រទេសនេប៉ាល់គឺជាប្រទេសមួយដែលគ្រោះថ្នាក់អាកាសចរណ៍កើតឡើងជាញឹកញាប់ ដោយសារតែដីភ្នំដ៏រដិបរដុប និងលក្ខខណ្ឌអាកាសធាតុប្រែប្រួល ដែលធ្វើឱ្យប្រតិបត្តិការហោះហើរមានហានិភ័យខ្ពស់។ ពីមុន ក្នុងឆ្នាំ ២០១៥ ខណៈពេលកំពុងចុះចតក្នុងអ័ព្ទក្រាស់នៅទីក្រុង Kathmandu យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានរអិលចេញពីផ្លូវរត់ បណ្តាលឱ្យអាកាសយានដ្ឋានបិទអស់រយៈពេលជាច្រើនថ្ងៃ។ ជាសំណាងល្អ មិនមានអ្នកស្លាប់និងរបួសក្នុងហេតុការណ៍នោះទេ។ ក្រោយមក យន្តហោះនេះត្រូវបានអូសចេញពីអាកាសយានដ្ឋាន ហើយត្រូវបានជួសជុលឡើងវិញ៕ ដោយធីរីណា
រូបថត: Reuters










