ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀងសរុបជាង១ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
ខេត្តស្វាយរៀង ជាខេត្តមួយស្ថិតនៅតំបន់វាលរាបនៃទិសអាគ្នេយ៍ប្រទេសកម្ពុជា មានផ្ទៃដីសរុប ២ ៩៦៦,៤០គីឡូម៉ែត្រក្រឡា និងមានចម្ងាយ ១២៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តស្វាយរៀង ចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១៦៨ ៨៨៨គ្រួសារ ស្មើនឹង ៦៩៨ ១៥៥នាក់ ស្រី ៣៥៩ ២០៥នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៤៥៦ ៧១៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មប្រមាណ ៥១,៥ភាគរយ របរសេវាកម្ម ៤៨ភាគរយ និងមុខរបរសិប្បកម្មប្រមាណី ០,៥ភាគរយ។
ខេត្តស្វាយរៀង មានព្រំប្រទល់ខាងជើង និងខាងលិច ជាប់និងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម (ចម្ងាយ២៥៨គីឡូម៉ែត្រ) ចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ ៦៩០ភូមិ។ នៅទូទាំងខេត្តស្វាយរៀង មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិ ២កន្លែង (បាវិត និងព្រៃវល្លិ៍), ច្រកទ្វារព្រំដែនទ្វេភាគី ២កន្លែង (សំរោង និងបុសមន), ច្រកទ្វារតំបន់ព្រំដែន ៤កន្លែង (ស្រែបារាំង ព្រៃតាអី ដូង និងខ្សែដែក)៕
ដោយ៖តារា










