ខេត្តស្ទឹងត្រែង ៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង លើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការនាំចូលទំនិញគេចពន្ធ ដែលបានប្រព្រឹត្តទៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទជាជនជាតិខ្មែរ ចំនួន៤នាក់ រួមមាន៖ ឈ្មោះ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និងតេង គឹមហុង។ ដោយឡែក ជនសង្ស័យបក្ខពួកផ្សេងទៀត រួមមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរឈ្មោះ SOONG ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលគេចខ្លួននៅឡើយ។
ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទល្មើសសំខាន់ៗចំនួន២ រួមមាន៖
១៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
និង២៖ សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះរួមមាន មន្ត្រីគយ និងរដ្ឋាករ កងរាជអាវុធហត្ថ និងនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន ស្ទឹងត្រែង សេកុង អឹមផត អិចផត ឯ.ក (Stung Treng Sekong Import Export Co., Ltd) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ បារីចិន និងស្រាចម្រុះជាច្រើនកេស, កុំព្យូទ័រយួរដៃ (Dell) ចំនួន១២គ្រឿង, ទូរស័ព្ទដៃ iPhone ប្រើរួច ចំនួន៦៧៥គ្រឿង,គ្រឿងបន្លាស់កុំព្យូទ័រ (Keyboard, CPU, All-in-one Monitor) ជាច្រើនរយគ្រឿង, ឧបករណ៍ចែកចាយ Wi-Fi (Router) និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
តាមការស៊ើបអង្កេត បទល្មើសនេះបានប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃបង្ក្រាប។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ បើតាមប្រភពពីអ្នកប្រកបអាជីវកម្មដឹកជញ្ជូនក្នុងក្រុងស្ទឹងត្រែង បានឲ្យដឹងថា ក្រុមហ៊ុនខាងលើ គឺជាទីតាំងអាជីវកម្មដឹកជញ្ជូនភ្ញៀវ និងទំនិញ ចេញ-ចូល រវាងប្រទេសឡាវ និងកម្ពុជា។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កន្លងទៅបានថ្លែងបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។
ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើនផងដែរ៕
ដោយ ៖ សិលា










