ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះ ! បានលើកឡើងថា ៖ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ គឺ«មិនមែនតែគាត់ម្នាក់ទេ!» !
លោកបណ្ឌិត គិន ភា គូសបញ្ជាក់ថា ៖ គាត់មានកំហុសត្រង់ថា មិនទាន់បានស្រាវជ្រាវប្រភពទុរេនឱ្យបានច្បាស់លាស់ ហើយឈានដល់ការសន្និដ្ឋានដោយប្រញាប់ប្រញាល់។ ប៉ុន្តែករណីតូចមួយនេះ មិនមែនពាក់ព័ន្ធតែគាត់ម្នាក់នោះទេ។ សំណួរដែលត្រូវមានចម្លើយគឺ ៖ តើទុរេនទាំងនោះនាំចូលតាមច្រកណា? តើនរណាខ្លះត្រូវទទួលខុសត្រូវ? ហើយតើត្រូវផ្ដន្ទាទោសពួកគេដោយរបៀបណា ក្រៅពីវិធានការវិន័យរដ្ឋបាល តើត្រូវមានពិរុទ្ធភាពអ្វីផ្សេងទៀតដែរឬទេ? នេះជាការសាកល្បងដ៏សែនតូចមួយដើម្បីស្ដារទំនុកចិត្តប្រជាពលរដ្ឋ។
លោកថា ៖ ការដកតំណែងនិងលុបឈ្មោះគាត់ចេញពីក្របខណ្ឌ ក្រោយប្រសាសន៍ធ្ងន់ៗរបស់សម្តេចតេជោប្រមុខរដ្ឋស្តីទី បានរំលេចឱ្យឃើញថា វប្បធម៌ការងាររាជការស្រុកយើង វិធានការក្ដៅអាចកើតមានឡើងបាន លុះត្រាតែថ្នាក់ដឹកនាំកំពូលចេញបទបញ្ជា ឬផ្ដល់អនុសាសន៍ ប៉ុន្តែបន្ទាប់មក ក៏ស្ងាត់ល្ហឹមវិញ ហើយរឿងដដែលៗក៏នៅតែបន្តកើតមាន ដូចវែកចកដូច្នោះដែរ ។
រឿងនេះបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីអនុវត្តចំពោះមុខច្បាប់ស្មើគ្នា ៕
ដោយ ៖ សិលា










