សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណាក់កាលដ៏ជូរចត់នៃប្រវត្តិសាស្ត្រ និងវីរភាពរបស់អ្នកស្នេហាជាតិក្នុងការសង្គ្រោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា កម្ពុជាធ្លាប់ហែលឆ្លងដំណាក់កាលដ៏សែនជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើកដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោកលន់ នុល ហើយរបបនេះបានដួលរលំវិញ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលនោះប្រជាជនសង្ឃឹមបានរស់សុខសាន្ត ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយបាត់បង់ដោយសារការប្លន់អំណាច និងអនុវត្តនយោបាយគ្រប់គ្រងផ្តាច់ការ ប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឱ្យកម្ពុជាក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហារឃោឃៅ ក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលបន្សល់ពីការកាប់សម្លាប់ពីប៉ុល ពត បានក្រោកតស៊ូ ប្រកបដោយវីរៈភាព ប្រឆាំងរបបដ៏ខ្មៅងងឹតនេះ ហើយកងទ័ពរណសិរ្សបានខិតខំសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងបានការជួយឧបត្ថម្ភទាន់ពេលពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជ័យជម្នះ ៧មករា បានជួយសង្គ្រោះអាយុជីវិត និងផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជា និងនាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និងបានរួមវិភាគទានដ៏សំខាន់នូវការកសាងសន្តិសុខ សន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនដល់មាតុភូមិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print