អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកបានធ្វើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីងពីង ខណៈមេដឹកនាំទាំងពីរបានជួបគ្នានៅថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំចុងក្រោយនៃជំនួបកំពូលដ៏ធំមួយ ។
លោកប្រធានាធិបតី ត្រាំ បានទៅដល់ទីក្រុងប៉េកាំង ដោយស្វែងរកការចុះកិច្ចព្រមព្រៀងក្នុងវិស័យនានា រួមទាំងកសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត ក៏ដូចជាដើម្បីទប់ស្កាត់ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរនៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏តានតឹងមួយចំនួន ជាពិសេសសង្គ្រាមមជ្ឈិមបូព៌ា។
ការវិលត្រឡប់របស់លោក ត្រាំ ទៅជួបទល់គ្នាជាមួយលោក ស៉ី ដែលលោកបានពិពណ៌នាថាជា «មេដឹកនាំដ៏អស្ចារ្យ» និង «មិត្ត» រហូតមកដល់ពេលនេះ ត្រូវបានមេដឹកនាំចិនស្វាគមន៍ដោយសម្លេងស្ងប់ស្ងាត់ជាងមុន។ ប៉ុន្តែមេដឹកនាំអាមេរិកបាននិយាយថា «មានរឿងល្អៗជាច្រើន» បានកើតចេញពីដំណើរទស្សនកិច្ចនេះ។ លោកបាននិយាយថា ពួកលោកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយចំនួន ដែលល្អសម្រាប់ប្រទេសទាំងពីរ ខណៈលោក ស៉ី ជីងពីង អមដំណើរលោកគយគន់សួនច្បារ Zhongnanhai សម្រាប់ថ្នាក់ដឹកនាំនៅកណ្តាលទីក្រុងប៉េកាំង។
និយាយពីប្រធានបទសង្គ្រាមនៅអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក រូបនេះ បាននិយាយថា លោក ស៉ី ជីងពីង បានធានាដល់សមភាគីរបស់លោកយ៉ាងមានប្រសិទ្ធភាពថា ប្រទេសចិនមិនបានត្រៀមខ្លួនជួយផ្នែកយោធាដល់ទីក្រុងតេអេរ៉ង់ ដែលបានបិទច្រកសមុទ្រហ័រមូសនោះទេ។ លោក ដូណាល់ ត្រាំ បានប្រាប់ ទូរទស្សន៍ ថា Fox News ថា ប្រធានាធិបតីចិន ស៉ី ជីងពីង បាននិយាយថា លោកនឹងមិនផ្តល់ឧបករណ៍យោធាទេ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់។
ក្នុងអំឡុងជំនួបនោះដែរ លោក ដូណាល់ ត្រាំ បាននិយាយជាមួយលោក ស៉ី ជីងពីង ថា ទំនាក់ទំនងនេះ អាមេរិក-ចិន ពិតជារឹងមាំខ្លាំងណាស់៕ដោយ៖តារា










