សាលាដំបូងខេត្តកណ្ដាលឃុំខ្លួនជនដៃដល់ និងប្រពន្ធជាអ្នកសមគំនិត ករណីចាប់ជំរិតសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំម្នាក់យ៉ាងសាហាវឃោរ ឃៅ នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។

លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា និងភរិយាឈ្មោះ ធី ណារ៉ុង ក្រោមបទចោទ «សមគំនិតក្នុងអំពើឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ ទោស និងឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ» តាមមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ចបានឲ្យដឹងថា អំពើឧក្រិដ្ឋនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដោយជនដៃដល់បានធ្វើសកម្មភាពចាប់ជំរិត និងសម្លាប់ក្មេងស្រីរងគ្រោះ ដែលត្រូវជាក្មួយសាច់ថ្លៃរបស់ខ្លួន។

ជនរងគ្រោះមានឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ និងម្ដាយឈ្មោះ ជឿន ស៊ីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមព័ត៌មាន គ្រួសារជនរងគ្រោះតែងតែធ្វើដំណើរទៅលេងស្រុកកំណើតនៅស្រុកស្អាង ជារៀងរាល់ចុងសប្ដាហ៍។

ដោយឡែក ជនដៃដល់ឈ្មោះ គឹម វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងត្រូវជាពូសាច់ថ្លៃរបស់ក្មេងរងគ្រោះផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ ឃុំឃាំង និងបង្ខាំងជនរងគ្រោះដោយខុសច្បាប់ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ ជនសង្ស័យអះអាងថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើដ៏សាហាវនេះ គឺដោយសារតែមានគំនុំផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការខ្ចីប្រាក់មិនបាន និងមានអារម្មណ៍ថាត្រូវបានមើលងាយពីភាគីគ្រួសារជនរងគ្រោះ។

...

ករណីនេះ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់បន្ថែម ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print