អ្នកនាំពាក្យរាជរដ្ឋាភិបាល​ បន្តជម្រាបជូនបច្ចុប្បន្នភាពថ្មីពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​  ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនបច្ចុប្បន្នភាពថ្មីពាក់ព័ន្ធបញ្ហាព្រំដែន៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការបំពេញបេសកកម្មរបស់កងនគរបាលជាតិក្នុងការការពារបូរណភាពទឹកដី ដែលទទួលរងនូវការឈ្លានពានទាំងកំរោលដោយភាគីថៃថា ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន។ នេះគឺជាការគូសរំលេចក្នុងសារផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

ទន្ទឹមនឹងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលេចពីស្នាដៃរបស់កងនគរបាលជាតិរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្ដីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន តាមរយៈការបង្កើតបាននូវបរិយាកាសសង្គមដែលមានសុខសុវត្ថិភាព ភាពកក់ក្តៅ និងជំនឿចិត្ត។ 

សម្តេចប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចផ្តាំផ្ញើការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារខណ្ឌសីមាប្រកបដោយវីរភាពអង់អាចក្លាហាន ព្រមទាំងមន្ត្រីនគរបាល និងក្រុមគ្រួសារដែលមានជំងឺឬរងរបួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងគេហដ្ឋាន សូមឆាប់ជាសះស្បើយ។

 

ទី២៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបងប្អូនជនភៀសសឹកនៅតាមព្រំដែនដែលបង្កឡើងដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ។ ជាក់ស្តែង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការជួយជនភៀសសឹក ដោយផ្តោតលើការការពារអាយុជីវិត ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងការស្ដារឡើងវិញនូវជីវភាពរបស់ពួកគេ។ រាជរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនជនភៀសសឹកនូវទីជម្រកបណ្តោះអាសន្ន ដែលមានលក្ខណៈល្អប្រសើរសម្រាប់ស្នាក់នៅទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញបាននាពេលខាងមុខ ខណៈដែលរាជរដ្ឋាភិបាលកំពុងប្រើសិទ្ធិទាមទារទឹកដីស្របច្បាប់របស់កម្ពុជាមកវិញ ដោយមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ។

សូមបញ្ជាក់ជូនថា គិតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជាង ៣ម៉ឺន២ពាន់នាក់ទៀត ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ ដោយសារតែតំបន់ដែលពួកគេរស់នៅមិនទាន់មានសុវត្ថិភាព ឬមានការរារាំងពីកងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ។ បងប្អូនជនភៀសសឹកទាំងនោះទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ផ្ទះបណ្តោះអាសន្ន សេវាទឹកស្អាត ភ្លើងអគ្គិសនី គ្រឿងឧបភោគបរិភោគ ក៏ដូចជាការជួយស្តារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ ខណៈដែលរាជរដ្ឋាភិបាលកំពុងតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិការទូត និងច្បាប់អន្តរជាតិ ដោយសន្តិវិធីដើម្បីការពារបូរណភាពទឹកដី។

  

ទី៣. កម្ពុជា-សហរដ្ឋអាម៉េរិក រំលេចពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ៖ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រៅពីសាទរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ភាគីទាំងពីរក៏បានផ្តោតសំខាន់ទៅលើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់សហរដ្ឋអាម៉េរិកចំពោះការគាំទ្រជាបន្តបន្ទាប់លើដំណើការសន្តិភាព និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់កម្ពុជាក្នុងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

ប្រមុខការទូតកម្ពុជា ក៏បានជម្រាបជូនភាគីអាម៉េរិក អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ (MOU-2001) ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ពោលគឺកម្ពុជាតែងតែខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ស្របតាមច្បាប់អន្តរជាតិ។

...

លោកជំទាវ Allison Hooker ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកាតព្វកិច្ចស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងបានជំរុញភាគីទាំងពីរឱ្យប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការទ្វេភាគីដែលមានស្រាប់ ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដើម្បីស្វែងរកឫសគល់នៃជម្លោះ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print