ទីក្រុងបាងកក៖ ប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយថា រថភ្លើងដឹកទំនិញមួយគ្រឿង បានបុកគ្នាជាមួយរថយន្ដក្រុងមួយគ្រឿង នៅក្បែរស្ថានីយ Makkasan នៃស្រុក Ratchathewi ក្នុងទីក្រុងបាងកក បណ្ដាលឱ្យមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមសារព័ត៌មានថៃ The Nation បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅម៉ោង ៣៖៤០នាទីរសៀលថ្ងៃសៅរ៍នេះ ដោយបង្កឱ្យរថយន្ដក្រុងផ្ទុះឆេះ ហើយបង្កការខូចខាតដល់យានយន្ដ ជាច្រើនជាងគ្រឿងផ្សេងទៀត។ មនុស្សយ៉ាងហោច ១៥នាក់ក៏បានរងរបួសផងដែរ រីឯអាជ្ញាធរថៃអាចគ្រប់គ្រងស្ថានការណ៍បាននៅម៉ោងប្រហែល ៤រសៀល។
ក្នុងហេតុការណ៍នេះដែរ ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្រ្គោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានដំណឹងពីហេតុការណ៍រថភ្លើងបុកគ្នាជាមួយរថយន្ដក្រុង។ តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុ បណ្ដោលឱ្យមានគ្រោះថ្នាក់នេះកើតឡើងនៅឡើយទេ៕ដោយ៖តារា










