ដំណើរជោគជ័យរបស់មហាសេដ្ឋីកំណើតម៉ាឡេស៊ី Cheah Cheng Hye ពីការលក់ម្នាស់តាមចិញ្ចើមផ្លូវ

ចែករំលែក៖

កើតក្នុងភាពក្រីក្រនៅប្រទេសម៉ាឡេស៊ី លោក Cheah Cheng Hye ក្រោយមកបានទៅរស់នៅទីក្រុងហុងកុង ដោយដំបូងឡើយគ្រាន់តែរកប្រាក់បានខ្លះមុនពេលត្រឡប់មកវិញ ប៉ុន្តែទីបំផុតបានក្លាយជាមហាសេដ្ឋីតាមរយៈការវិនិយោគតម្លៃ។

សហស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនៅហុងកុង Value Partners ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋីមានបំផុតទី២២របស់ម៉ាឡេស៊ី កាលពីចុងខែមុន ដោយប៉ាន់ស្មានថាគាត់មានទ្រព្យសម្បត្តិសរុបប្រមាណ 1.25 ពាន់លានដុល្លារ។

មានដើមកំណើតពីរដ្ឋ Penang ភាគពាយ័ព្យនៃប្រទេសម៉ាឡេស៊ី ជីវិតកុមារភាពរបស់ Cheah ពោរពេញដោយការលំបាក។ គាត់បានបាត់បង់ឪពុកដោយសារជំងឺខ្សោយតម្រងនោមនៅអាយុ៩ឆ្នាំ ហើយត្រូវរកស៊ីដោយខ្លួនឯងតាមរយៈការលក់ម្នាស់តាមដងផ្លូវ។

គាត់បានរំលឹកថា ក្នុងវ័យកុមារ គាត់តែងតែឃ្លាន ព្រោះគ្រួសារមិនសូវមានអាហារគ្រប់គ្រាន់។

ក្រោយបញ្ចប់វិទ្យាល័យ Cheah បានចូលធ្វើការផ្នែកសារព័ត៌មានដោយចៃដន្យ នៅអាយុ១៧ឆ្នាំ ដោយចាប់ផ្តើមពីការបត់កាសែតឲ្យសារព័ត៌មាន The Star មុនពេលអ្នកកែសម្រួលសង្កេតឃើញទេពកោសល្យសរសេររបស់គាត់ ហើយផ្លាស់ប្តូរគាត់ទៅធ្វើជាអ្នកយកព័ត៌មាន។

បីឆ្នាំក្រោយមក គាត់ទទួលបានការផ្តល់ការងារដែលប្រាក់ខែខ្ពស់ជាងនៅហុងកុង ហើយបានធ្វើដំណើរតាមកប៉ាល់ដឹកទំនិញទៅទីនោះ។ Cheah បាននិយាយថា ពេលនោះគាត់មិនធ្លាប់គិតថាខ្លួននឹងមានអាជីពធំដុំឡើយ។

“ផែនការដំបូងគឺស្នាក់នៅហុងកុងប៉ុន្មានឆ្នាំ សន្សំលុយ ទិញឡាន ទិញផ្ទះ ហើយត្រឡប់ទៅ Penang រស់នៅដោយសប្បាយចិត្ត” គាត់បានប្រាប់សារព័ត៌មាន The Business Times ក្នុងឆ្នាំ២០១៧។

ប៉ុន្តែហុងកុងបាននាំគាត់ឲ្យចូលកាន់ពិភពហិរញ្ញវត្ថុ និងការវិនិយោគកាន់តែជ្រៅ។ គាត់ធ្លាប់ធ្វើការនៅ The Standard, TVB, The Wall Street Journal និង Far Eastern Economic Review ដោយរាយការណ៍អំពីទីផ្សារហិរញ្ញវត្ថុ និងអាជីវកម្មនៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។

គាត់មានចិត្តចង់រៀនខ្លាំង ដោយសិក្សាគណនេយ្យដោយខ្លួនឯង និងអានសៀវភៅអំពីទីផ្សារភាគហ៊ុន និងហិរញ្ញវត្ថុម្តងហើយម្តងទៀត រហូតចងចាំព័ត៌មានសំខាន់ៗបាន។

ក្រោយមក ធនាគារវិនិយោគ Morgan Grenfell បានជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជួញដូរវិនិយោគគ្រប់គ្រងគណនីរបស់ក្រុមហ៊ុន ដែលធ្វើឲ្យគាត់ស្គាល់ការវិនិយោគបែប Value Investing និងរកចំណូលបានប្រហែល 1 លានដុល្លារក្នុងមួយឆ្នាំ។

“ជាលើកដំបូងក្នុងជីវិត ខ្ញុំក្លាយជាមនុស្សមានលុយរាប់លាន! ខ្ញុំមិនជឿថាវាជាការពិតទេ” គាត់បានរំលឹក។

នៅឆ្នាំ១៩៩៣ គាត់ និងដៃគូអាជីវកម្ម V-Nee Yeh បានរួមគ្នាបង្កើតក្រុមហ៊ុន Value Partners ដោយចាប់ផ្តើមជាមួយដើមទុនតិចជាង 5 លានដុល្លារ ក្នុងនោះប្រហែល 1 លានដុល្លារជាលុយផ្ទាល់របស់ Cheah។

គាត់បាននិយាយថា ពួកគេគ្រាន់តែជា “យុវជនដែលកំពុងសប្បាយ” និងចង់បង្ហាញថា Value Investing អាចដំណើរការបាននៅអាស៊ី។

យុទ្ធសាស្ត្រនេះផ្តោតលើការវិនិយោគក្នុងក្រុមហ៊ុនដែលមានតម្លៃទាបជាងសក្តានុពលពិត ដើម្បីទទួលបានប្រាក់ចំណេញរយៈពេលវែង។ សម្រាប់ Cheah ការវិនិយោគបែបនេះមានន័យថា ស្វែងរកអាជីវកម្មដែលមាន “3Rs” គឺ “អាជីវកម្មត្រឹមត្រូវ ដឹកនាំដោយមនុស្សត្រឹមត្រូវ ក្នុងតម្លៃត្រឹមត្រូវ”។

“វាសាមញ្ញ ប៉ុន្តែពិបាក” គាត់បាននិយាយ។ “នៅអាស៊ី អ្នកអាចរកឃើញអាជីវកម្មល្អ និងតម្លៃល្អ ប៉ុន្តែការរកមនុស្សដឹកនាំល្អពិបាកណាស់ ព្រោះការគ្រប់គ្រងសាជីវកម្មនៅអាស៊ីនៅមិនទាន់ល្អគ្រប់គ្រាន់ទេ”។

Cheah ក៏ធ្លាប់មានជោគជ័យធំមួយ ដោយវិនិយោគលើក្រុមហ៊ុន BYD មុនពេលក្រុមហ៊ុន Berkshire Hathaway របស់ Warren Buffett វិនិយោគ 230 លានដុល្លារ ទិញភាគហ៊ុនប្រហែល 10%។

នៅពេលនោះ BYD នៅតែជាក្រុមហ៊ុនចិនតូចមួយ ហើយទើបចាប់ផ្តើមផលិតរថយន្ត ដែលមនុស្សជាច្រើនសង្ស័យថានឹងជោគជ័យ។ ប៉ុន្តែ Cheah ជឿជាក់បន្ទាប់ពីទៅទស្សនារោងចក្រ BYD នៅ Shenzhen និងជួបស្ថាបនិកក្រុមហ៊ុន Wang Chuanfu។ សព្វថ្ងៃ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក។

ទោះជាយ៉ាងណា មិនមែនការវិនិយោគទាំងអស់សុទ្ធតែជោគជ័យទេ។ មួយក្នុងចំណោមបរាជ័យឈឺចាប់បំផុតគឺក្រុមហ៊ុនអាកាសចរណ៍ថវិកាទាប Oasis Hong Kong Airlines។

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយគ្រូបង្រៀនសាសនា ហើយមានគោលបំណងប្រកួតប្រជែងជាមួយ Cathay Pacific តាមរយៈការផ្តល់សេវាកម្មពេញលេញក្នុងតម្លៃទាប។ ប៉ុន្តែការរក្សាអាជីវកម្មអាកាសចរណ៍ថវិកាទាបមិនងាយឡើយ ហើយវាបានក្លាយជា “អាកាសចរណ៍ចំណាយខ្ពស់ តែលក់សំបុត្រតម្លៃទាប”។

ជិតពាក់កណ្តាលនៃការវិនិយោគ 30 លានដុល្លាររបស់ក្រុមហ៊ុនគាត់ត្រូវបាត់បង់ក្នុងរយៈពេលត្រឹម ៣ ខែ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានបិទទ្វារបន្ទាប់ពីដំណើរការបាន 18 ខែ ដោយសារបញ្ហាថវិកា។ ទោះបី Value Partners អាចយកលុយមកវិញបាន 17 លានដុល្លារ ក៏នៅតែខាតប្រហែល 13 លានដុល្លារ។

ក្រោយរៀនពីបរាជ័យនេះ Cheah បានឈប់វិនិយោគក្នុងវិស័យអាកាសចរណ៍ ព្រោះវាមិនមែនជាជំនាញដែលគាត់យល់ច្បាស់។

“ឥឡូវ ខ្ញុំផ្តោតតែលើវិស័យដែលខ្ញុំយល់ដឹងល្អបំផុត” គាត់បានប្រាប់ China Daily ដោយបន្ថែមថា កំហុសគឺជារឿងមិនអាចជៀសបាន ទាំងក្នុងការវិនិយោគ និងជីវិត។

“គន្លឹះនៃការរស់រានមានជីវិត គឺត្រូវស្គាល់កំហុសឲ្យបានលឿន និងកែតម្រូវវាឲ្យបានឆាប់”។

Cheah ក៏មានកេរ្តិ៍ឈ្មោះជាអ្នកវិនិយោគផ្ទុយពីហ្វូងមនុស្ស។ “យើងទិញនៅពេលមនុស្សលក់ ហើយយើងលក់នៅពេលមនុស្សទិញ។ យើងចូលចិត្តអ្វីដែលមនុស្សស្អប់ ហើយស្អប់អ្វីដែលមនុស្សចូលចិត្ត។ នេះហើយជាវិធីដែលយើងរកលុយ” គាត់បានប្រាប់ The Edge Malaysia។

យុទ្ធសាស្ត្រមិនដើរតាមហ្វូងមនុស្សនេះ បានជួយឲ្យគាត់ទទួលបានជោគជ័យយ៉ាងខ្លាំង។ Value Partners បានក្លាយជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដំបូងគេ ដែលចុះបញ្ជីនៅផ្សារហ៊ុនហុងកុងក្នុងឆ្នាំ២០០៧។

នៅពេល Cheah លាលែងពីតំណែងជាសហប្រធាន និងសហប្រធានវិនិយោគកាលពីខែមករាឆ្នាំមុន ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឯករាជ្យធំបំផុតមួយនៅអាស៊ី ដោយគ្រប់គ្រងទ្រព្យសម្បត្តិប្រមាណ 5.4 ពាន់លានដុល្លារ។ កាលពីឆ្នាំ 2018-19 ទ្រព្យសម្បត្តិក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធ្លាប់ឡើងដល់ជាង 18 ពាន់លានដុល្លារ។

ទោះបីធ្លាប់ឆ្លងកាត់ភាពលំបាកក្នុងវ័យកុមារ Cheah តែងនិយាយថា ខ្លួនជា “មនុស្សមានសំណាងខ្លាំង” និងទទួលបានអត្ថប្រយោជន៍ពីសម័យកាលសេដ្ឋកិច្ចរីកចម្រើន។

គាត់បាននិយាយថា គាត់ចូលទីផ្សារការងារនៅឆ្នាំ១៩៧១ ក្នុងអំឡុងពេលដែលគាត់ចាត់ទុកថាជាយុគសម័យរីកចម្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

...

“យើងរស់នៅក្នុងសម័យអស្ចារ្យ ប្រាក់ខែឡើងរាប់សិបភាគរយរៀងរាល់ឆ្នាំ ហើយឱកាសការងារកើនឡើងខ្លាំង” គាត់បាននិយាយ ដោយបញ្ជាក់ថា ទោះគាត់មកដល់ហុងកុងដោយមិនចេះនិយាយ ឬអានភាសាចិន ក៏នៅតែអាចរកការងារល្អ និងអភិវឌ្ឍអាជីពបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print