ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេណទី៤ ក្នុងរដូវភ្ជុំបិណ្ឌនៅវត្ត កំសាន្ដ ក្នុងសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ តាមទំនៀម ទម្លាប់ ប្រពៃខ្មែរ កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នំា ២០១៦ ។
ថ្លែងនូវការស្វាគមន៍ក្នុងពិធីកាន់បិណ្ឌនេះ លោក ងែត ចាន់ដាវី ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វិស័យព្រះពុទ្ធសាសនា ដែលចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ទំាងពុទ្ធចក្រ និងអាណាចក្រ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានវត្ត ចំនួន ១៥០ វត្ត មណ្ឌលវិប្បស្សនៈចំនួន ៣កន្លែង មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៧៨៦ អង្គ ក្នុងនោះភិក្ខុ ចំនួន ៨៩១អង្គ និងសាមណេរចំនួន ៨៩៥ អង្គ។
នៅក្នុងឱកាសនោះលោក ប៉ា សុជាតិវង្ស បាននាំយកនូវ បច្ច័យ ដែលបានមកពី សទ្ធាជ្រះថ្លា ពុទ្ធបរិ ស័ទ មន្ដ្រីរាជការ សិស្ស និស្សិត លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋគ្រប់មច្ឆដ្ឋាន ដើម្បីចូលរួមក្នុងបុណ្យមកុសល តាមទំនៀមទម្លាប ប្រពៃណីខ្មែរ ចំនួន ៤លានរៀល ប្រគេន ដល់ព្រះសង្ឃនិងសម្រាប់កសាងវត្តចំនួន៤លានរៀល ព្រមទាំង ទ័យទាន និងសម្ភារៈ ជាច្រើនទៀត ។ លោក ប៉ា សុជាតិវង្ស បានថ្លែង នូវអំណរគុណចំពោះ បងប្អូនប្រជា ពលរដ្ឋ ដែលបាន ចូល រួម មកកាន់បិណ្ឌនាឱកាសនេះ នៅក្នុងរដូវ បុណ្យភ្ជុំបិណ្ឌ ដែលជា បុណ្យដ៏ធំមួយរបស់ប្រពៃណីខ្មែរយើង។ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ”(ការពូតដុំបាយជាដុំៗដែលយើងហៅថា”បាយបិណ្ឌ”)។
ចំពោះបុណ្យបិណ្ឌភ្ជុំនេះ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិត ពីថ្ងៃ ទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់បេតជនញាតិ ដែលបានស្លាប់ទៅ ។ គេចាប់ផ្ដើម ធ្វើចាប់ពីថ្ងៃ១រោច រហូត ដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្ត បន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
លោកបានរំលឹកថា ៖ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា និងរៀបចំពិធីបុណ្យអំុទូក បណ្ដែត ប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដូច្នេះ រដ្ឋបាលរាជធានី បានត្រៀម កម្លាំង ការពារសន្ដិសុខ សុវត្ថិភាព សណ្ដា ប់ ធ្នាប់ សាធារណៈ និងត្រៀម ទីកន្លែងកំសាន្ដ ៧ទៅ៨ កន្លែង សម្រាប់ទទួលភ្ញៀវ ជាតិ និងអន្ដរជាតិ ដែលមកចូលរួមទស្សនា ក្នុងពិធី បុណ្យអំុទូកនេះ រួចរាល់ហើយយដែរ ៕
ដោយ៖ សំរិត