ការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបកើនឡើងខ្លាំង ខណៈសង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យតម្លៃសាំងឡើងថ្លៃ

ចែករំលែក៖

តម្រូវការរថយន្តអគ្គិសនី (EV) នៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ខណៈតម្លៃប្រេងឥន្ធនៈខ្ពស់ដែលពាក់ព័ន្ធនឹងសង្គ្រាមនៅ អ៊ីរ៉ង់បានជំរុញការលក់រថយន្ត EV ទាំងថ្មី និងមួយទឹក។ នេះបើយោងតាមទិន្នន័យដែល Reuters ទទួលបានផ្តាច់មុខ ដែលបានផ្តល់កម្លាំងជំរុញដ៏ចាំបាច់មួយដល់ឧស្សាហកម្មរថយន្ត។

ទោះបីការលក់រថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុបបានកើនឡើង 30% ក្នុងឆ្នាំ២០២៥ ក៏ដោយ ការទទួលយក EV នៅទ្វីបនេះនៅតែយឺតជាងការរំពឹងទុករបស់ឧស្សាហកម្ម។ ក្រុមហ៊ុនផលិតរថយន្តចាប់ពី Volkswagen ដល់ Stellantis ដែលជាម្ចាស់ម៉ាក Fiat បានវិនិយោគយ៉ាងច្រើន ដោយរំពឹងថាតម្រូវការ EV នឹងកើនខ្ពស់ជាងនេះ ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ពួកគេត្រូវកត់ត្រាការខាតបង់រាប់ពាន់លានដុល្លារ ដើម្បីគ្របដណ្តប់ការធ្លាក់តម្លៃទ្រព្យសកម្ម។

ការគណនារបស់អ្នកទិញបានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីតម្លៃប្រេងពិភពលោកកើនឡើងលើស 100 ដុល្លារក្នុងមួយបារ៉ែល ក្រោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ដែលបានបង្កជាជម្លោះកាន់តែធំ និងធ្វើឲ្យមានការរំខានផ្គត់ផ្គង់ថាមពលមិនធ្លាប់មាន។

លោក Gurjeet Grewal នាយកប្រតិបត្តិរបស់ Octopus Electric Vehicles នៅចក្រភពអង់គ្លេស បាននិយាយថា “នេះមិនមែនគ្រាន់តែជាការកើនឡើងបណ្តោះអាសន្នទេ ប៉ុន្តែជាចំណុចផ្លាស់ប្តូរសំខាន់” ខណៈក្រុមហ៊ុនរបស់លោកបានកត់ត្រាកំណើនតម្រូវការរថយន្ត EV ថ្មី 95% និង EV មួយទឹក 160% ក្នុងខែមេសា បើធៀបនឹងឆ្នាំមុន។

ដោយសារចក្រភពអង់គ្លេសជាប្រទេសនាំចូលថាមពលសុទ្ធ វាត្រូវរងផលប៉ះពាល់ខ្លាំងពីអតិផរណា និងតម្លៃម្ហូបអាហារកើនឡើង។

ទូទាំងអឺរ៉ុប ទិន្នន័យពីក្រុមស្រាវជ្រាវ New Automotive និង E-Mobility Europe បានបង្ហាញថា ការចុះបញ្ជីរថយន្ត EV ថ្មីកើនឡើង 34% ក្នុងខែមេសា បើធៀបនឹងឆ្នាំមុន។

ទិន្នន័យនេះគ្របដណ្តប់ទីផ្សារ 16 ប្រទេស ដែលតំណាងឲ្យជាង 80% នៃការលក់រថយន្តនៅសហភាពអឺរ៉ុប និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។

លោក Erik Severinson ប្រធានផ្នែកពាណិជ្ជកម្មរបស់ Volvo Cars បាននិយាយថា ការបញ្ជាទិញរបស់ក្រុមហ៊ុនបានកើនឡើង ជាពិសេសសម្រាប់រថយន្ត SUV អគ្គិសនី EX30 ដែលជាម៉ូឌែលតម្លៃទាប និងអតិថិជនងាយរងផលប៉ះពាល់ពីតម្លៃប្រេងឡើងថ្លៃ។

ក្រុមហ៊ុនផលិតរថយន្តពិចារណាបង្កើនការផលិត EV។

ក្រុមហ៊ុន Renault របស់បារាំងបាននិយាយថា 50% នៃការចុះបញ្ជីរថយន្តរបស់ខ្លួននៅអង់គ្លេសក្នុងខែមេសា គឺជា EV ខណៈការស្វែងរកព័ត៌មាន EV នៅលើគេហទំព័រអង់គ្លេសរបស់ខ្លួនកើនឡើង 48% ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ចាប់ផ្តើម។

លោក Adam Wood នាយកគ្រប់គ្រង Renault UK បាននិយាយថា “ចំណាប់អារម្មណ៍លើរថយន្ត EV របស់ Renault បានផ្លាស់ប្តូរយ៉ាងខ្លាំង”។

ប្រភពមួយនៅក្រុមហ៊ុនបាននិយាយថា Renault កំពុងធ្វើការបង្កើនការផលិត EV។

ម៉ាកចិនទាក់ទាញអតិថិជនដោយតម្លៃសមរម្យ

ទីផ្សារលក់រថយន្តអនឡាញក៏បានកត់ត្រាកំណើនការស្វែងរក EV ថ្មី និងមួយទឹកផងដែរ ជាពិសេសម៉ាកចិនដែលមានតម្លៃសមរម្យ។

ចាប់តាំងពីសង្គ្រាមចាប់ផ្តើម គេហទំព័រអាល្លឺម៉ង់ Carwow បាននិយាយថា សមាមាត្រការស្វែងរក EV បានកើនដល់ 75% ពីប្រហែល 40% ខណៈរថយន្តសាំងធម្មតាធ្លាក់ចុះមក 16% ពី 33%។

គេហទំព័រ Carwow បាននិយាយថា ការសាកសួរទិញរថយន្ត BYD នៅលើគេហទំព័ររបស់ខ្លួនកើនឡើង 25,000% ក្នុងត្រីមាសទី១ ខណៈ Leapmotor កើន 436% និង Xpeng កើន 153%។

វេទិកាអនឡាញគូប្រជែង OLX ក៏បាននិយាយថា ការសាកសួរពី EV នៅលើគេហទំព័របារាំងរបស់ខ្លួនកើនឡើង 80% ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

កាលពីអតីតកាល នៅពេលតម្លៃប្រេងឡើងថ្លៃ អ្នកប្រើប្រាស់ធ្លាប់ប្តូរទៅប្រើរថយន្តស៊ីប្រេងតិច ប៉ុន្តែពេលតម្លៃប្រេងធ្លាក់វិញ ពួកគេក៏ត្រឡប់ទៅប្រើរថយន្តស៊ីប្រេងច្រើនវិញ។

ប៉ុន្តែលើកនេះ ប្រហែលខុសពីមុន។ អ្នកក្នុងឧស្សាហកម្មបាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានផ្លាស់ប្តូររបៀបដែលមនុស្សគិតអំពីសន្តិសុខថាមពលក្នុងជីវិតប្រចាំថ្ងៃ។

លោក Christian Gisy នាយកប្រតិបត្តិ OLX បាននិយាយថា “ប្រជាជនអឺរ៉ុបបានផ្លាស់ពីការគិតថា ប្រហែលជា ឥឡូវនេះតែម្តង ចំពោះការប្រើរថយន្តអគ្គិសនី”៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print