ខេត្តស្វាយរៀង: នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចមជ្ឈមណ្ឌលបាវិតផ្លាហ្សា នៅក្រុងបាវិត។
នគនគរបាលខេត្តស្វាយរៀង បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចមជ្ឈមណ្ឌលបាវិតផ្លាហ្សា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបាន ឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ១២៩នាក់ ស្រី ០៧នាក់ (វៀតណាម ១១នាក់ ស្រី ០២នាក់, ចិន ១០៣នាក់ ស្រី ០៥នាក់, ប៉ាគីស្ថាន ១០នាក់ ប្រុស, បង់ក្លាដេស ០៤នាក់ ប្រុស, មីយ៉ាន់ម៉ា ០១នាក់ ប្រុស)។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្នផងដែរ។










