ប្រធានាធិបតីចិន អាចបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាអាចនឹងធ្វើទស្សនកិច្ចទៅកាន់ កូរ៉េខាងជើងក្នុងពេលឆាប់ៗ ឬអាចនៅសប្ដាហ៍ក្រោយនេះ។

Yonhap ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃពុធម្សិលមិញ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗ»។
មន្ត្រីកូរ៉េខាងត្បូងម្នាក់ទៀតបានប្រាប់ Yonhap ថាវាមានលទ្ធភាពខ្ពស់ដែលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង អាចនឹងធ្វើឡើងនៅចុងខែឧសភា ឬនៅដើមខែមិថុនាក្រោយនេះ។ មន្ត្រីរូបនេះក៏បានគូសបញ្ជាក់ដែរពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រួមទាំង ក្រុមមន្ត្រីសន្តិសុខ និងពិធីការរបស់ចិន ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមេសាកន្លងទៅ។
អំឡុងជំនួបជាមួយលោក Wang Yi មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីឆន្ទៈពង្រឹងការផ្លាស់ប្ដូរទំនាក់ទំនងកម្រិតខ្ពស់ និងពង្រឹង ការទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយទីក្រុងប៉េកាំង ជាមួយការរំឮកឡើងវិញពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៥។
គួរបញ្ជាក់ថា ចិន និងកូរ៉េខាងជើងត្រូវប្រារព្ធខួបលើក៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយមួយស្ដីពីកិច្ចសហប្រតិបត្តិការ នៅក្នុងឆ្នាំ២០២៦នេះ។ លទ្ធភាពនៃការធ្វើទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់កូរ៉េខាងជើង បានកើតឡើងបន្ទាប់ពីរូបលោកបានចូលរួមកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។
អំឡុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំនៃប្រទេសទាំង២ បានគូសបញ្ជាក់ឡើងវិញគោលដៅរួមនៃការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាកិច្ចប្រឹងប្រែងមួយ ដែលក្រុមអ្នកជំនាញជាច្រើនជឿថាមិនអាចទៅរួចឡើយ៕

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print