(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា»។
ក្នុងសុន្ទរកថាបើក ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងពីប្រធានបទ “ធានាអនាគតរបស់យើងរួមគ្នា” ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ បានគូសបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាព និងភាពធន់នៅក្នុងតំបន់របស់យើងអាចរក្សាបានតែតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ បានកោតសរសើរម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ (ACDFM) លើកទី២២ ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការរួមចំណែកដ៏មានអត្ថន័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ បានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ី លើក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី បានបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ស្របតាមមាគ៌ាអាស៊ាន។
ឯកឧត្តម បានបន្តថា ប្រទេសហ្វីលីពីនទទួលយកការទទួលខុសត្រូវនេះ ហើយយល់ដឹងយ៉ាងច្បាស់ថា ការសន្ទនា ការកសាងទំនុកចិត្ត ត្រូវតែពង្រឹងជាបន្តបន្ទាប់ ហើយសន្តិភាពត្រូវតែការពារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
អគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខ ដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។
សម្រាប់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេស ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងប្រទេសហ្វីលីពីន ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់ (AOT) នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបញ្ជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ានដោយខ្លួនឯង។
ឯកឧត្តម បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីធានាឲ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
យ៉ាងណា ឯកឧត្តម បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឲ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ៕
ដោយ ៖ សិលា










