ព្រះវិហារ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំប្រារព្ធពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ៅ សុផាន់ ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិ គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត យុវជនកក្រក អ្នកស្ម័គ្រចិត្ត និងសប្បុរសជន លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នៅសាលប្រជុំព្រះវិហារ អាគារសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។
លោក ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់សាខាកាកបាទក្រហមខេត្តព្រះវិហារ ហើយសាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ ស្របតាមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។
លោកបានបន្តថា ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕ ដោយ សំរិត










