សារព័ត៌មាន AFP បានផ្សាយថា ក្រោយមានភាពស្រពេចស្រពិលជាច្រើនថ្ងៃមកនេះ នៅទីបំផុតទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងបញ្ជូនកងទ័ពអាមេរិក ៥០០០នាក់ ទៅកាន់ប៉ូឡូញ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបានអះអាងថាគម្រោងដាក់ពង្រាយកងទ័ពនេះត្រូវបានលុបចោល ខណៈអឺរ៉ុបកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងដើម្បីការពារខ្លួនឯង។
លោក ត្រាំ បានឱ្យដឹងថាការសម្រេចចិត្តរបស់លោកធ្វើឡើងដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki។ ក្នុងការបង្ហោះមួយលើ បណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ៥០០០នាក់ទៅកាន់ប៉ូឡូញ»។
លោក ត្រាំមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតបន្ថែមទេ ប៉ុន្តែការអត្ថាធិប្បាយរបស់លោកហាក់ចង់សំដៅលើគម្រោងដាក់ពង្រាយកងទ័ពអាមេរិកច្រើនពាន់នាក់ទៅកាន់ប៉ូឡូញដែលបានស្ថិតក្នុង ភាពស្រពេចស្រពិលជាច្រើនថ្ងៃមកនេះ។ កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីអាមេរិកបាននិយាយថាគម្រោងដាក់ពង្រាយកងទ័ពអាមេរិក ៤០០០នាក់ ទៅកាន់ប៉ូឡូញត្រូវបានលុបចោលដែលជា ការសម្រេចចិត្តចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោក ត្រាំ ក្នុងការការកាត់បន្ថយចំនួនកងទ័ពអាមេរិក និងផ្ដល់មេរៀនទៅកាន់សម្ព័ន្ធមិត្ត NATO ដែលមិនបានគាំទ្ររូបលោកក្នុងសង្រ្គាម ជាមួយអ៉ីរ៉ង់។
ក្រោយមកទៀត ទើបអនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះបាននិយាយថាគម្រោងដាក់ពង្រាយកងទ័ពអាមេរិក ៤០០០នាក់ ត្រូវបានពន្យារពេល មិនមែនលុបចោលនោះទេ ជាមួយការបន្ថែមថាលោក ត្រាំមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក JD Vance បានបន្ថែមថាទៀតថាអឺរ៉ុបគួរតែ ពឹងលើដៃទាំងគូរបស់ខ្លួនដើម្បីការពារខ្លួនឯង ខណៈលោក ត្រាំ បន្តការជំរុញរបស់លោកឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទទួលបន្ទុកច្រើនជាងមុន ក្នុងការការពារខ្លួនឯង។
លោក ត្រាំ ត្រូវបានគេមើលឃើញថាហាក់ដូចជាបានតាំងចិត្តដើម្បីដាក់ទោសលើសម្ព័ន្ធមិត្តដែលមិនបាន ឬបរាជ័យក្នុងការគាំទ្ររូបលោកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងការបើក ច្រកសមុទ្រ Hormuz ឡើងវិញ។ មន្ទីរបញ្ចកោណបានប្រកាសថាកាលពីដើមខែឧសភាថា ទីក្រុងវ៉ាស៊ីនតោននឹងដកកងទ័ពអាមេរិក ៥០០០នាក់ចេញពីអាល្លឺម៉ង់ បន្ទាប់ពីលោកអធិការបតី Friedrich Merz បាននិយាយថាអ៉ីរ៉ង់កំពុងបំបាក់មុខសហរដ្ឋអាមេរិកក្នុងកិច្ចចរចា៕

រូបថត: US ARMY









