សិង្ហបុរី​! ជំងឺកូវីដ-១៩ ពូជថ្មី កំពុងវាយលុកយ៉ាងខ្លាំង បណ្ដាលឱ្យ​ឆ្លងដល់មនុស្សជិត ១៣ ០០០នាក់​ ក្នុងរយៈពេល​មួយសប្តាហ៍

ចែករំលែក៖

សិង្ហបុរី​៖​ ស្របពេលពិភពលោក កំពុងងាកទៅផ្តោតខ្លាំងលើជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងវីរុសហាន់តា នៅតំបន់អឺរ៉ុប ប៉ុន្តែបើក្រឡេកមើលអាស៊ីឯណេះវិញ ប្រទេសសិង្ហបុរី កំពុងរងការវាយលុកខ្លាំង ដោយសារជំងឺកូវីដ-១៩ ពូជថ្មី ដែលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ មានមនុស្សឆ្លងដល់ទៅជិត ១៣ ០០០នាក់។

ក្នុងពេលមួយសប្តាហ៍ បើគិតចាប់ពីថ្ងៃទី១០ ដល់ទី១៦, សិង្ហបុរី បានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ថ្មី ប្រមាណ ១២ ៧០០ករណី ពោលគឺកើនឡើង ដល់ទៅ៥៩% បើធៀបនឹងសប្តាហ៍មុននោះទៀត ដែលមានការឆ្លងត្រឹម ៨ ០០០ករណី។

ក្នុងអំឡុងពេលនោះដែរ ជាមធ្យម មានអ្នកជំងឺកើនឡើង ពី ៥៦ ដល់ ៧៣នាក់ ដែលតម្រូវឲ្យចូលព្យាបាល នៅមន្ទីរពេទ្យក្នុងមួយថ្ងៃ ខណៈជាមធ្យម ក្នុងមួយថ្ងៃ មានអ្នកជំងឺ ម្នាក់ ត្រូវសង្គ្រោះបន្ទាន់។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសិង្ហបុរី (CDA) បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ថា ការផ្ទុះឆ្លងដ៏ខ្លាំងនេះ គឺបណ្តាលមកពីកូវីដពូជបំប្លែងថ្មី NB.1.8.1 ដែលមានសមត្ថភាព បុកទម្លុះប្រព័ន្ធភាពស៊ាំ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលសិង្ហបុរី បានច្រានចោលភាពធ្ងន់ធ្ងរ នៃការរីករាលដាលនេះ ហើយប្រកាសឲ្យពលរដ្ឋ កុំភ័យស្លន់ស្លោ ព្រោះស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អប្រសើរ។

សូមជម្រាបថា រោគសញ្ញាពូជថ្មីនេះ ក៏មិនខុសពីកូវីដជំនាន់មុនៗដែរ ដោយវាចេញអាការៈដូចជា៖ ក្ដៅខ្លួនស្ទិញៗ ឬក្ដៅខ្លាំង ឈឺបំពង់ក ក្អកស្ងួត ហៀរសំបោរ តឹងច្រមុះ អស់កម្លាំង ឈឺក្បាល និងឈឺសាច់ដុំ។ ករណីខ្លះ អ្នកជំងឺខ្លះអាចមានអាការៈចង្អោរ ក្អួត រាគរូស ឬលែងដឹងក្លិន និងរសជាតិ៕ដោយ​៖តារា​

...

រូប៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print