ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និង សម្រកក្បាលពោះ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និង សម្រកក្បាលពោះ ឆ្នាំ២០២៦ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប់ឈ្មោះត្រូវចូលរួមហ្វឹកហាត់សម្រកក្បាលពោះចំនួន ១៣៣នាក់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ការបង្កើតឲ្យមានកម្មវិធី សម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំកាយសម្បទា ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រយៈកាលកន្លងមកក៏ដូចជាពេលនេះ គឺលោកបារម្ភពីសុខភាព របស់កម្លាំងក្រោមឱវាទ ព្រោះការលើសទម្ងន់ អាចនាំមកនូវផលវិបាកចំពោះសុខភាពជាច្រើន ដូច្នេះវាជារឿង ចាំបាច់ដែលយើងម្នាក់ៗត្រូវតែយកចិត្តទុកដាក់ថែរក្សាសុខភាព និងពង្រឹងកាយសម្បទាផង ដើម្បីកាត់បន្ថយ ភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលថែជំងឺ លោកបានស្នើឲ្យសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះ ត្រូវចូលរួមហ្វឹកហាត់ ក្នុងកម្មវិធីសម្រកទម្ងន់និងសម្រកក្បាលពោះនាពេលនេះទាំងអស់ ត្រូវមានភាពអំណត់អត់ធ្មត់ឲ្យបានច្រើន កុំធុញទ្រាន់ កុំខ្ជិល មិនថារបបអាហារ ឬ លំហាត់ប្រាណ ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមការណែនាំរបស់គ្រូឧទ្ទេស។

...

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានបន្តក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យនៅតែរក្សាបានស្នាដៃកាន់តែប្រសើរឡើងស្របស្ថានភាពសង្គម ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ចូលរួមជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print