ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃតាមបណ្តោយផ្លូវណតប្រ៊ីតប្រជាពលរដ្ឋព្រួយបារម្មណ៍ពីការគ្រោះថ្នាក់ សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការភ័យខ្លាចអំពីការឆក់ចរន្តអគ្គិសនី ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាអ្នករកស៊ី លក់ដូរ នៅតាមបណ្តោយផ្លូវណតប្រ៊ីត ខាងជើងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខផ្ទាល់តែម្តង សូមជួយអន្តរាគមន៍ចុះកាត់ខ្សែភ្លើងទាំងនោះចោល ឬក៏តបណ្តាញថ្មីឡើងវិញ ឲ្យបានសមរម្យ ចៀងវាងធ្លាក់រញ៉េរញ៉ៃ ដល់លើផ្លូវ ហើយនៅពេលមានភ្លៀងធ្លាក់មកម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំទឹក ដែលធ្វើពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងអំពីការ ឆ្លងចរន្តអគ្គិសនីឆក់ ។

ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងថា ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃបែបនេះ គឺកើតឡើងជាច្រើនខែមកហើយ មិនដែលឃើញមានស្ថាបនពាក់ព័ន្ធមួយណា ចុះមកពិនិត្យមើលម្តងណាឡើយ ដោយទុកបណ្តោយឲ្យខ្សែភ្លើងទាំងនោះធ្លាក់រយីងរយោង នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទីក្រុងភ្នំពេញ ជាពិសេសខ្សែភ្លើងទាំងនេះដាច់ធ្លាក់ដល់ដី ខណៈភ្លៀងធ្លាក់ម្តងៗ ខ្សែភ្លើងទាំងនេះ នៅត្រាំក្នុងទឹក ដែលធ្វើពួកគាត់ទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងអំពីការឆក់ចរន្តអគ្គិសនី ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្តី ឬបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក្តី សូមកុំមានការព្រួយបារម្មណ៍អំពីឆក់ចរន្តអគ្គិសនី ពីព្រោះខ្សែទាំងនេះ គឺជាខ្សែទូរស័ព្ទ ក៏ដូចជាខ្សែ Internetជាដើម ដូច្នេះខ្សែទាំងនេះមិនមានចរន្តភ្លើងឆក់ដល់មនុស្សនោះឡើយ ហើយចំពោះផលប៉ះពាល់ផ្សេងៗនោះ គឺជាអាជ្ញាធរខណ្ឌ និងសហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុន ខ្សែទូរស័ព្ទ ខ្សែ Internet ទាំងនោះ ដើម្បីចុះកាត់ចេញ នឹងរៀបចំតបណ្តាញឲ្យបានល្អឡើងវិញ នៅថ្ងៃណាមួយមិនខាន ប៉ុន្តែគ្រាន់មានការយឺតយ៉ាវបន្តិច ដោយសារបច្ចុប្បន្នអាជ្ញាធរកំពុងតែចុះកាត់នៅតាមបណ្តោយធំៗ សំខាន់ៗសិនទើបបន្តចុះកាត់តាមផ្លូវតូចៗ៕

img-20160921-wa0097 img-20160921-wa0100 img-20160921-wa0098 img-20160921-wa0102 img-20160921-wa0101

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print