ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។
ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំទំនិញចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុងខេត្តបាត់ដំបង។
បើតាមអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «តើមន្ត្រីរបស់យើងជាសត្វ ឬជាមនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ។ មន្ត្រីរបស់យើងត្រូវមើលលើបញ្ហានេះ។ នគរបាលយើងទៅណា គយយើងទៅណា ហេតុអ្វីក៏ទំនិញចូលមក»។
សម្តេចតេជោ បានហៅអ្វីដែលជាវិធានការនេះ មិនមែនដើរហួសពីព្រំដែនអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ប៉ុន្តែប្រទេសថៃនោះទេ ជាអ្នកផ្តើមវិធានការរាំងខ្ទប់ទំនិញមកកម្ពុជា ក្នុងចេតនាដាក់សម្ពាធផ្នែកសេដ្ឋកិច្ចកម្ពុជា៕ដោយ៖តារា










