ខេត្តកណ្តាល÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំឲ្យដឹងព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ តាមបណ្ដឹងរបស់ខ្លួនរងគ្រោះពីបទលួចគ្រឿងអលង្ការនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០នាទីផ្ទះរបស់ជនរងគ្រោះស្ថិត នៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ជនរង គ្រោះឈ្មោះ ស៊ឹម សាមិត្ត ភេទស្រីអាយុ៥០ឆ្នាំមានទី លំនៅភូមិព្រែកថ្មីឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្តាល មុខរបរជាម្ចាស់ហាងលក់មាស និងផ្លាកទីន ។
ជនសង្ស័យឈ្មោះ ចិត្រ ស៊ីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ រងការចោទ ប្រកាន់ថា លួច។ ជនសង្ស័យបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលគឺ អវិជ្ជមាន(-) ។
សម្ភារៈរួមមាន១/ បន្តោងផ្លាកទីនចំនួន១៣ បន្តោង ទម្ងន់១ តម្លឹង ១ជី ៩ ហ៊ុន,ជារបស់ជនរងគ្រោះ,២/ ខ្សែដៃរំយោល (កណ្តឹងមូល)១ ខ្សែរមានទម្ងន់២ជី (ជារបស់ជនសង្ស័យ),៣/ម៉ូតូ០១ គ្រឿង ម៉ាកហុងដាទ្រីមសង់ សេរីឆ្នាំ ២០២៥ ពណ៌ឈាមជ្រូក ស្លាកលេខ កណ្តាលAT 7219(ជារបស់ជនសង្ស័យ),៤/ ទូរស័ព្ទ ០១គ្រឿង ម៉ាក iPhone ពណ៌ទឹកសមុទ្រ (ជារបស់ជនសង្ស័យ)។
មន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ០៩ និង ៣០ នាទី ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម០២៥ ពណ៌ឈាមជ្រូក ស្លាកលេខ កណ្តាលAT 7219 ដោយបានជិះឌុបប្អូនថ្លៃស្រី ឈ្មោះ ថុល ចាន់ណា អាយុ១១ ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដោយបានជិះចេញពីផ្ទះ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ គោលបំណងមកផ្សារកោះធំ ដើម្បីយកខ្សែរដៃផ្លាកទីនរបស់ខ្លួនដែលបានបាក់នោះយកមកឲ្យហាងលក់មាសនៅផ្សារកោះធំ ដើម្បីឲ្យផ្សារនិងជួសជុលឲ្យ ។
នៅពេលមកដល់បានជួបនឹងជនរងគ្រោះ ដែលជាម្ចាស់ ហាងលក់មាស ក៏បាននិយាយប្រាប់ឲ្យគាត់ជួយយកខ្សែរដៃយកទៅឲ្យជាងជួយផ្សារឲ្យគាត់ផង។ នៅពេលជនរងគ្រោះកំពុងតែជាប់រវល់លក់ដូរឲ្យភ្ញៀវ ឃើញមានឱកាសល្អ ទើបជនសង្ស័យបានធ្វើសកម្មភាព លូក ដៃចូលទៅលួចយកគ្រឿងអលង្ការបន្តោងផ្លាកទីនរបស់ជនរងគ្រោះ ដែលបានដាក់តាំងបញ្ឈរលក់នៅលើទូរកញ្ចក់មានដូចជា៖បន្តោងខ្សែកចំនួន១៣បន្តោង យកមកលាក់ទុកនៅក្នុងហោប៉ៅខោខាងស្តាំរបស់ខ្លួន ភ្លាមនោះស្រាប់តែម្ចាស់ហាងលក់មាសគាត់បានមើលឃើញក៏បានស្ទុះទៅចាប់ឃាត់ជនសង្ស័យទុកនិងបានដកហូតយកបន្តោងផ្លាកទីនទាំងនោះយកមកវិញ។
ក្រោយមកបន្តិច ទើបម្ចាស់ហាងលក់មាសគាត់ ក៏បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី នាំយកជនសង្ស័យខាងលើនេះ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕










