ខេត្តកំពត៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងជំនាញចាត់វិធានការផ្លូវច្បាប់លើម្ចាស់ផ្ទះម្នាក់ ដោយសម្រេចពិន័យអន្តរកាលជាទឹកប្រាក់ចំនួន ២០លានរៀល ក្រោយរកឃើញថា បានជួលផ្ទះឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ និងមិនបានអនុវត្តតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់បទល្មើសពាក់ព័ន្ធជនបរទេស ដែលកំពុងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅតាមបណ្តាខេត្ត និងរាជធានីទូទាំងប្រទេស។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ស្នងការថា ម្ចាស់ផ្ទះខាងលើ បានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅដោយមិនបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងមិនបានត្រួតពិនិត្យឯកសារស្នាក់នៅឱ្យបានត្រឹមត្រូវ ដែលជាការរំលោភលើច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការគ្រប់គ្រងជនអន្តោប្រវេសន៍។
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងស្នាក់នៅទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរ ដោយរាយការណ៍ និងផ្ទៀងផ្ទាត់អត្តសញ្ញាណជនបរទេសឱ្យបានច្បាស់លាស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន ការស្នាក់នៅខុសច្បាប់ និងសកម្មភាពខុសច្បាប់ផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម។
លោកឧត្ដមសេនីយ៍ទោស្នងការបានបញ្ជាក់ថា នឹងបន្តអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង ចំពោះបុគ្គល ឬម្ចាស់ទីតាំងណាដែលពាក់ព័ន្ធនឹងការផ្តល់ទីស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់៕










