ខេត្តសៀមរាប៖ អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បាននាំយកសត្វប្រមាចំនួន ២ក្បាលមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីផ្សាំងទុកមួយរយៈ មុននឹងព្រលែងឱ្យរស់នៅតាមធម្មជាតិទៅក្នុងព្រៃតំបន់អង្គរ។
បើតាមប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា(CWC) លោក ទ្រី ស៊ីថេង បានឱ្យដឹងថា សត្វប្រមាទាំងពីរក្បាលនេះ គឺលោកបានទទួលពីមេបញ្ជាការយោធាមួយរូប នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា ជាយូរមកហើយ មេបញ្ជាការទាហានម្នាក់ បានចិញ្ចឹមសត្វប្រមា សរុបចំនួន៣ក្បាល ក៏ប៉ុន្តែ ប្រមាមួយក្នុងចំណោមនោះបានចាស់ ហើយងាប់។ បន្ទាប់មក ក៏មានសង្គ្រាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកើតឡើង។ ដោយសារតែមេបញ្ជាការរូបនោះរវល់រឿងការពារព្រំដែនខ្មែរ ហើយម្យ៉ាងទៀតគាត់ចង់ឱ្យសត្វប្រមាដែលគាត់ចិញ្ចឹមទាំងពីរមានសុវត្ថិភាពផង ក៏ប្រគល់វាមកឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាយកមកថែរក្សាតែម្ដង។
ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជារូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តយកសត្វប្រមាទាំងពីរក្បាលមកថែរក្សានៅតំបន់អង្គរ ដោយសារតែលោកចង់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលមកទស្សនាអង្គរ គឺមិនត្រឹមតែឃើញប្រាសាទបុរាណតែប៉ុណ្ណោះទេ គឺចង់ឱ្យភ្ញៀវទេសចរ បានឃើញទាំងសម្បត្តិធម្មជាតិ និងសត្វព្រៃផងដែរ។
ជាមួយគ្នានោះ អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា(CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះ របស់អាជ្ញាធរជាតិអប្សរា លោក Nick Marx បានឱ្យដឹងដែរថា សត្វប្រមាពីរក្បាល ដែលយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាពេលនេះ មិនទាន់ដោះលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិភ្លាមៗបានទេ។ អ្នកជំនាញត្រូវផ្សាំងសត្វទាំងពីរឱ្យស៊ាំនឹងបរិស្ថានជាមុនសិន មុនពេលដោះលែងសត្វទាំងពីរឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិដោយខ្លួនឯង។ លោកបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអង្គការគាំពារសត្វព្រៃកម្ពុជា បានយកសត្វប្រមា មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ឱ្យដោះលែងក្នុងព្រៃអង្គរ។ អ្នកជំនាញសត្វព្រៃរូបនេះ បន្ថែមថាសត្វប្រមានេះ ក៏ដូចជាសត្វព្រៃដទៃទៀតដែរ គឺមានតួនាទីជួយឱ្យប្រព័ន្ធជីវចម្រុះធម្មជាតិកាន់តែសម្បូរបែបឡើង តាមរយៈការស៊ីផ្លែ ហើយពាំគ្រាប់យកទៅតាមកន្លែងផ្សេងៗ ធ្វើឱ្យកូនឈើដុះលូតលាស់។
ចំណែកលោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឱ្យដឹងថា នៅក្នុងព្រៃតំបន់អង្គរ ក៏មានសត្វប្រមាមួយចំនួនកំពុងរស់នៅដែរ។ ការព្រលែងសត្វប្រមា២ក្បាល ដែលបានពីតំបន់ផ្សេង ឱ្យរស់នៅក្នុងតំបន់អង្គរ គឺពិតជាធ្វើឱ្យចំនួនសត្វប្រមានៅក្នុងព្រៃអង្គរ មានចំនួនកើនឡើងបន្ថែមទៀត។ លោក ជូរ៉ា ឌីណា រំពឹងថា សត្វប្រមាចំនួន២ក្បាល ដែលព្រលែងនៅក្នុងព្រៃអង្គរពេលនេះ អាចនឹងមានសម្ព័ន្ធភាពជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃអង្គរជាយូរមកហើយ ព្រមទាំងពួកគេអាចនឹងបង្កើតកូនចៅបានកាន់តែច្រើននៅពេលខាងមុខថែមទៀត។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ ដូចជា៖ សត្វទោចមកុដចំនួន១៧ក្បាល(កើតកូនបានចំនួន៩ក្បាល), សត្វឈ្លូស ចំនួន៧ក្បាល, សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាម ចំនួន១២ក្បាល (កេីតកូនបាន១៨ក្បាល), សត្វសំពោចក្រអូប ចំនួន៧ក្បាល ,សត្វភេខ្លួនរលោង ចំនួន១៥ក្បាល(កើតកូនបានចំនួន១២ក្បាល), សត្វឆ្មាដាវ ចំនួន៣ក្បាល, សត្វកេងកងតូច ចំនួន៩ក្បាល, សត្វកេងកងធំ ចំនួន៦ក្បាល, សត្វភូវាំង ចំនួន៧ក្បាល, សត្វក្ងោក ចំនួន៩ក្បាល, សត្វអន្សង ចំនួន២ក្បាល, សត្វពង្រូល ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់បច្ចុប្បន្នសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ៕ដោយ៖តារា










