ក្នុងប៉ុន្មានខែកន្លងមកនេះ ប្រទេសចិនបានក្លាយជាគោលដៅសំខាន់នៃទស្សនកិច្ចការទូតកម្រិតខ្ពស់របស់មេដឹកនាំពិភពលោកជាច្រើន។ ចាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន រហូតដល់មេដឹកនាំអាស៊ីកណ្តាល និងអឺរ៉ុប ចិនកំពុងបង្ហាញខ្លួនជាមជ្ឈមណ្ឌលនយោបាយការទូតពិភពលោកថ្មីមួយ។ បាតុភូតនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃ “ការទូតប្រមុខរដ្ឋ” របស់ចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping។ ការទូតបែបនេះបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសដែលមានឥទ្ធិពលយ៉ាងសំខាន់ក្នុងអភិបាលកិច្ចសកល សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍរួម។
ការមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មេដឹកនាំពិភពលោកនៅចិន បានបង្ហាញពី “ទំនុកចិត្ត” របស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់ចិនក្នុងពិភពលោកដែលកំពុងប្រែប្រួល ទី១ កំណើនទំនុកចិត្តរបស់ពិភពលោកចំពោះចិន ទី២ តួនាទីចិនក្នុងអភិបាលកិច្ចសាកល ទី៣ ការពង្រីកបណ្តាញមិត្តភាពនិងពហុភាគីនិយម។
នៅពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាសេដ្ឋកិច្ច និងការបែងចែកប្លុកអំណាច ប្រទេសជាច្រើនកំពុងស្វែងរក “ស្ថិរភាព” និង “ភាពជឿជាក់” ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ចិនបានបង្ហាញខ្លួនថា ជាដៃគូដែលមានស្ថិរភាព និងមានសមត្ថភាពជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង និងជំនួបជាមួយលោក ស៊ី ជីនភីង ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងការរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនបានបញ្ជាក់ថា “ការទូតប្រមុខរដ្ឋ” មានតួនាទីមិនអាចជំនួសបានក្នុងការដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ការមកបំពេញទស្សនកិច្ចរបស់លោក ពូទីន ក៏បង្ហាញពីការសហការយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ីក្នុងការគាំទ្រពហុប៉ូលនិយម និងយុត្តិធម៌អន្តរជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺចិនមិនត្រឹមតែចូលរួមក្នុងប្រព័ន្ធអន្តរជាតិដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាអ្នកចូលរួមសកម្មក្នុងការកសាងរចនាសម្ព័ន្ធថ្មីសម្រាប់អភិបាលកិច្ចសកល។
ចិនបានលើកឡើងនូវគំនិតដូចជា “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” “គំនិតផ្តួចផ្តើមសន្តិសុខសកល” និង “គំនិតផ្តួចផ្តើមអភិវឌ្ឍសកល” ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ការដែលរដ្ឋមន្ត្រីការបរទេសចិន Wang Yi ត្រៀមធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បង្ហាញថាចិនកំពុងដើរតួនាទីសកម្មក្នុងកិច្ចការពហុភាគី និងការរក្សាសន្តិភាពពិភពលោក។
ខុសពីការបែងចែកប្លុក ឬការបង្កើតសម្ព័ន្ធភាពផ្តាច់មុខ ចិនបានអះអាងថា ខ្លួនមិនបង្កើត “រង្វង់តូច” ឬការប្រឈមមុខដាក់គ្នានោះទេ ប៉ុន្តែផ្តោតលើការកសាងបណ្តាញដៃគូជាមួយគ្រប់ប្រទេសដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។ នេះអាចមើលឃើញតាមរយៈការរក្សាទំនាក់ទំនងជាមួយទាំងសហរដ្ឋអាមេរិក រុស្ស៊ី ប្រទេសអាស៊ីកណ្តាល អាស៊ាន អឺរ៉ុប និងបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ចិនកំពុងប្រើប្រាស់ការទូតប្រមុខរដ្ឋ ដើម្បីពង្រឹងភាពជាដៃគូ និងបង្កើនការជឿទុកចិត្តគ្នា។
អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសចិនត្រូវបានគេស្គាល់ថាជា “រោងចក្រពិភពលោក” ដោយសារកម្លាំងផលិតកម្មដ៏ធំ។ ប៉ុន្តែសព្វថ្ងៃនេះ ចិនកំពុងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលការទូត សេដ្ឋកិច្ច និងវប្បធម៌ពិភពលោក។ ប្រទេសចិន មិនត្រឹមតែជាកន្លែងផលិតទំនិញទៀតទេ ប៉ុន្តែក្លាយជា “បន្ទប់ទទួលភ្ញៀវពិភពលោក” ដែលមេដឹកនាំអន្តរជាតិមកជួបពិភាក្សា ដោះស្រាយបញ្ហាសកល និងស្វែងរកកិច្ចសហប្រតិបត្តិការ។ ការទទួលស្វាគមន៍មេដឹកនាំពិភពលោកជាបន្តបន្ទាប់ បានបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការបង្កើតបរិយាកាសការទូតដែលមានភាពទាក់ទាញ និងមានឥទ្ធិពល។
ការទូតប្រមុខរដ្ឋរបស់ចិនកំពុងក្លាយជាកម្លាំងសំខាន់មួយក្នុងការកំណត់ទិសដៅនយោបាយពិភពលោក។ ការមកបំពេញទស្សនកិច្ចរបស់មេដឹកនាំពិភពលោកជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញពីឥទ្ធិពលរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះតួនាទីរបស់ចិនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម។ ចិនកំពុងផ្លាស់ប្តូរពី “អ្នកចូលរួម” ក្នុងប្រព័ន្ធអន្តរជាតិ ទៅជា “អ្នករៀបចំ និងអ្នកកសាង” រចនាសម្ព័ន្ធសកលថ្មី។ ក្នុងន័យនេះ ប្រទេសចិនមិនត្រឹមតែជាមហាអំណាចសេដ្ឋកិច្ចទេ ប៉ុន្តែកំពុងក្លាយជាមជ្ឈមណ្ឌលការទូត និងអភិបាលកិច្ចសកលដ៏សំខាន់មួយសម្រាប់សតវត្សទី២១៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា










