ក្រុមហ៊ុនទូរស័ព្ទចល័តរបស់​ប្រធានាធិបតីអាម៉េរិក​ ត្រៀមចេញចែកចាយ​ ទូរស័ព្ទ​ស៊េរីថ្មី «ត្រាំ ម៉ូបាល» តែរងការរិះគន់រឿងបែកធ្លាយទិន្នន័យអ្នកកុម៉្មង់ជិត ៣ម៉ឺននាក់

ចែករំលែក៖

សហរដ្ឋ​អាម៉េរិក៖ ក្រុមហ៊ុនទូរស័ព្ទចល័ត ត្រាំ ម៉ូបាល (Trump Mobile) ដែលបង្កើតឡើងដោយអាជីវកម្មគ្រួសាររបស់លោក ដូណាល់ ត្រាំ បានប្រកាសថា ទូរស័ព្ទវៃឆ្លាតម៉ូដែល T1 ពណ៌មាស របស់ខ្លួន នឹងចាប់ផ្តើមដឹកជញ្ជូនជូនអតិថិជននៅក្នុងសប្តាហ៍នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់ជិត ១០ ខែ និងមានការប្រែក្រឡាស់ការសន្យាដំបូងក្នុងការផលិតទូរស័ព្ទនេះនៅក្នុងសហរដ្ឋអាម៉េរិក។ នាយកប្រតិបត្តិក្រុមហ៊ុន លោក ផេត អូប្រាយអិន (Pat O’Brien) បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការចេញលក់នាពេលឆាប់ៗនេះ បើទោះបីជាគម្រោងមួយនេះកំពុងរងការរិះគន់ និងជួបប្រទះបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់ក៏ដោយ។

ស្របពេលជាមួយនឹងការប្រកាសចេញលក់នេះ ក្រុមហ៊ុនកំពុងតែរងការស៊ើបអង្កេតយ៉ាងក្តៅគគុកលើចំណុចខ្សោយផ្នែកសន្តិសុខដ៏ធំមួយនៅលើគេហទំព័ររបស់ខ្លួន ដែលបានធ្វើឱ្យលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនដូចជា ឈ្មោះពេញ អាសយដ្ឋាន អ៊ីមែល និងលេខទូរស័ព្ទរបស់អតិថិជនប្រហែល ២៧,០០០ នាក់ ដែលបានចុះឈ្មោះកុម្ម៉ង់ទិញទុកមុន (Pre-order)។

យោងតាមការវិភាគលើកូដ (Code) គេហទំព័រដោយអ្នកជំនាញបានបង្ហាញថា ចំនួនទិន្នន័យដែលលេចធ្លាយនោះ រាប់បញ្ចូលទាំងអ្នកដែលគ្រាន់តែសាកល្បងចុច ឬបានបោះបង់កន្ត្រកទិញទំនិញដោយមិនបានបង់ប្រាក់កក់ផងដែរ ដែលនេះមានន័យថា ចំនួននៃការកុម្ម៉ង់ទិញពិតប្រាកដអាចនឹងមានកម្រិតទាបជាងនេះ។ ចំណែកឯខាងក្រុមហ៊ុនបានអះអាងការពារខ្លួនថា មិនទាន់មានភស្តុតាងណាមួយបង្ហាញពីការលេចធ្លាយទិន្នន័យហិរញ្ញវត្ថុ ឬកាតធនាគារឡើយ ប៉ុន្តែបានណែនាំឱ្យអតិថិជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសារ ឬការហៅទូរស័ព្ទបោកប្រាស់នានា។

អ្វីដែលគួរឱ្យកត់សម្គាល់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ បានរកឃើញភាពមិនប្រក្រតីយ៉ាងខ្លាំងនៅលើទំព័រលក្ខខណ្ឌនិងកិច្ចព្រមព្រៀងច្បាប់ចុងក្រោយរបស់ក្រុមហ៊ុន ដែលផ្ទុយស្រឡះពីការសន្យាផ្សព្វផ្សាយពាណិជ្ជកម្មកន្លងមក។ នៅក្នុងលក្ខខណ្ឌថ្មីនោះ ក្រុមហ៊ុនបានចែងថា ខ្លួនមិនមានកាតព្វកិច្ចច្បាប់ក្នុងការធានាថាឧបករណ៍នេះនឹងត្រូវបញ្ចេញលក់ពិតប្រាកដ ឬដឹកជញ្ជូនតាមកាលកំណត់នោះទេ ហើយប្រាក់កក់ ១០០ ដុល្លារដែលប្រមូលបាន ក៏មិនមែនជាការរក្សាទុកតម្លៃពិសេស ៤៩៩ ដុល្លារនោះដែរ ពោលគឺទាំងតម្លៃ មុខងារ និងលក្ខណៈបច្ចេកទេសរបស់ទូរស័ព្ទ សុទ្ធតែអាចកែប្រែប្រែប្រួលបានគ្រប់ពេលទាំងអស់ មុនការលក់ចុងក្រោយ ដែលការណ៍នេះកំពុងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់មហាជន៕ដោយ​៖តារា​

...

រូបថត​៖​ លោក អេរីក ត្រាំ , លោក ដន ហេនឌ្រីកសុន , លោក អេរីក ថូម៉ាស , លោក ផេត អូប្រាយអិន  និងលោក ដូណាល់ ត្រាំ  ចូលរួមក្នុងពិធីប្រកាសដាក់ដំណើរការក្រុមហ៊ុន ត្រាំ ម៉ូបាល នៅឯអាគារ ត្រាំ ថៅវើ (Trump Tower) ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print