សារព័ត៌មាន Reuters យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ កូរ៉េខាងជើងបាញ់មីស៉ីលប៉ុន្មានគ្រាប់ ក្នុងនោះយ៉ាងហោចមួយគ្រាប់ជាមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី ចេញពីឆ្នេរភាគខាងលិចប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ។
លើកចុងក្រោយដែលកូរ៉េខាងជើង បានបាញ់មីស៉ីលគឺកាលពីថ្ងៃទី១៩ ខែមេសា នៅពេលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៉ីលបាលិស្ទីគរយៈពេលចម្ងាយខ្លីប៉ុន្មានគ្រាប់ ដែលត្រូវបានអះអាងថា បំពាក់ដោយក្បាលគ្រាប់ជាគ្រាប់បែកចង្កោម។ កាលពីអំឡុងដើមខែដដែលនោះ កូរ៉េខាងជើងក៏បានប្រកាសដែរថា ខ្លួនបានធ្វើតេស្តក្បាលគ្រាប់ផ្ទុកគ្រាប់បែកចង្កោមស៊េរីថ្មីមួយ បំពាក់នៅលើមីស៉ីលបាលិស្ទីគ ព្រមទាំងអាវុធអេឡិចត្រូម៉ាញេទិកមួយប្រភេទ។ ក្រុមអ្នកវិនិយោគ បានយល់ឃើញថា វាគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបង្ហាញពីសមត្ថភាពរបស់ទីក្រុងព្យុងយ៉ាង ក្នុងការធ្វើសង្រ្គាមសម័យទំនើប។
កាលពីខែមីនា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ឋានៈនៃប្រទេសរបស់លោក ជារដ្ឋមានអាវុធនុយក្លេអ៊ែរ គឺមិនអាចប្រែក្រឡាស់វិញដាច់ខាត ហើយលោកបានសង្កត់ធ្ងន់ថា ការពង្រីកសមត្ថភាពនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមកំហែង គឺជារឿងដ៏ចាំបាច់សម្រាប់សន្តិសុខជាតិ៕

រូបថត: tuoitre









