ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុស ច្បាប់មួយកន្លែងទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនបរទេសផងដែរ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតំបន់ផ្សារចិន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធ និងចុះឆែកឆេរយ៉ាងតឹងរ៉ឹងទៅលើទីតាំងសង្ស័យខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងប្រតិបត្តិការ បានឲ្យដឹងថា ទីតាំងនេះត្រូវបានគេសង្ស័យថា បើកលេងល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយ និងមានមនុស្សចេញចូលយ៉ាងច្រើនជាពិសេសនៅពេលយប់។ ក្នុងអំឡុងពេលចុះបង្ក្រាប សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងនាំខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ទៅសាកសួរ។
ប្រតិបត្តិការនេះបានបន្តអស់រយៈពេលជាច្រើនម៉ោង ចាប់ពីយប់រហូតដល់វេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ទើបបញ្ចប់ ដោយសមត្ថកិច្ចបាននាំខ្លួនមនុស្សជាង១០០នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានបន្តចុះបង្ក្រាបទីតាំងល្បែង ស៊ីសងខុសច្បាប់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើត មានពីទីតាំងល្បែងខុសច្បាប់៕










