ភ្នំពេញ៖ ទីតាំងជួសជុលសម្ភារ Computer មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ សង្ស័យថា លួចបំរើការឱ្យក្រុមប្រព្រឹត្តិបទល្មើស Online scam ដោយរកឃើញជនបរទេសចំនួន ២នាក់។
បើតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ គណ:បញ្ជារការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រកឃើញមនុស្សសរុបចំនួន ២នាក់ ដោយសង្ស័យជាទីតាំងជួសជុលសម្ភារ Computer បំរើការឱ្យ Online scam។ ក្រោយការត្រួតពិនិត្យ៖ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនិតិវិធី។
គួរជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី ២៧ ខែឧសភា នៅទីស្តីការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានជនបរទេសប្រមាណ ៣០ម៉ឺននាក់ពាក់ព័ន្ធ Online Scams ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្តពីកម្ពុជា ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។
ចំពោះការអនុវត្តនេះគឺជាវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ដោយ៖តារា










