ភ្នំពេញ : នាពេលនេះ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានការអញ្ជើញដល់របស់បេក្ខភាព ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកបដោយទឹកមុខរីករាយ និងជំនឿចិត្តមុតមាំ ព្រមទាំងមានសាច់ញាតិ ក្រុមគ្រួសារជូនមកកាន់មណ្ឌលប្រឡងផងដែរ។
គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំស្តង់សម្រាក សម្រាប់បេក្ខជន ព្រមទាំងសាច់ញាតិ និងអាណាព្យាបាលធ្វើការរង់ចាំបេក្ខជននៅក្រៅបរិវេណមណ្ឌលប្រឡង ដោយមានការផ្គត់ផ្គង់ភេសជ្ជៈ ទឹកពិសា ពីអនុគណៈកម្មការពាក់ព័ន្ធ និងសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមសម្របសម្រួល និងផ្តល់ព័ត៌មាន ពីដំណើរការទូទៅនៃការប្រឡងជូនទៅដល់បេក្ខជនតាមការចាំបាច់។
គណៈកម្មការរៀបចំការប្រឡងប្រជែង បានត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនរួចរាល់ជាស្រេច ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាពេលបន្តិចទៀតនេះ៕
ដោយ : សិលា










