Dembele ប្តេជ្ញាថា PSG នឹងដណ្ដើមពាន Champions League ជាលើកទីបីបន្ទាប់ពីការប្រារព្ធពិធីនៅទីក្រុងប៉ារីស

ចែករំលែក៖

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លឹប Paris Saint-Germain (PSG) បានសន្យាជាមួយអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅ Eiffel Tower កាលពីថ្ងៃអាទិត្យថា ក្លឹបនឹងព្យាយាមដណ្តើមពានរង្វាន់ UEFA Champions League ជាលើកទី 3 ជាប់ៗគ្នានៅរដូវកាលក្រោយ ខណៈអ្នកគាំទ្រកំពុងអបអរសាទរជ័យជម្នះជើងឯកទ្វីបអឺរ៉ុបពីរឆ្នាំជាប់គ្នារបស់ក្លឹប។

Dembele បានថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រថា៖ “សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ។ យើងនឹងត្រឡប់មកវិញនៅឆ្នាំក្រោយជាមួយពានទី 3។”

ក្នុងពេលដែលអ្នកគាំទ្ររាំតាមបទចម្រៀង “One More Time” របស់ Daft Punk កីឡាករ PSG ក៏បានបង្ហាញពានរង្វាន់ដែលពួកគេដណ្តើមបានក្រោយយកឈ្នះ Arsenal កាលពីថ្ងៃសៅរ៍ផងដែរ។

បរិយាកាសមានភាពសប្បាយរីករាយ និងស្ងប់ស្ងាត់ បន្ទាប់ពីភ្លៀងធ្លាក់ស្រាលបានឈប់ និងមានពន្លឺថ្ងៃវិញ។ ទិដ្ឋភាពនេះផ្ទុយស្រឡះពីព្រឹត្តិការណ៍ហិង្សាក្រោយការប្រកួតកាលពីយប់មុន ដែលបានបណ្តាលឱ្យមនុស្សជាង 200 នាក់រងរបួស និងមនុស្សម្នាក់ស្លាប់នៅទូទាំងទីក្រុងប៉ារីស។

ប្រធានក្លិប PSG គឺ Nasser Al-Khelaifi បានអំពាវនាវឱ្យអ្នកគាំទ្ររក្សាបរិយាកាសវិជ្ជមានបន្តទៀត។

លោកបាននិយាយថា៖ “សូមអបអរសាទរដោយស្ងប់ស្ងាត់នៅយប់នេះ។ សូមការពារទីក្រុងរបស់យើង នេះជារឿងសំខាន់ណាស់។”

បន្ទាប់មក កីឡាករ PSG បានចូលរួមពិធីអបអរសាទរនៅតំបន់ Champ de Mars ដែលជាទីលានធំស្ថិតនៅក្រោមប៉ម Eiffel មុនពេលទៅជួបប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Elysee Palace។

អ្នកគាំទ្រម្នាក់ឈ្មោះ Mathias Oumraou បានប្រាប់ Reuters ថា លោកត្រូវតែចូលរួមក្នុងពិធីដង្ហែនេះ ព្រោះវាជា “រាត្រីដ៏ល្អបំផុតក្នុងជីវិតរបស់លោកនៅទីក្រុងប៉ារីស”។

...

ចំណែកអ្នកគាំទ្រម្នាក់ទៀតឈ្មោះ Cheyenne Barbachou បាននិយាយថា នាងស្ទើរតែមិនជឿថា PSG អាចឈ្នះជើងឯកអឺរ៉ុបបានពីរឆ្នាំជាប់គ្នា។នាងបាននិយាយថា៖”វាពិតជាអស្ចារ្យមែន!”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print